ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុង និងលោកយូ ប៊ុននី ប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្រុងពាលី សែនព្រេនបួងសួងសុំសេចក្តីសុខសប្បាយក្នុងដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងបន្ថែម និង ដឹកនាំមន្ត្រីរាជការ សាលាក្រុង ប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តកោះជុំ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានលើកឡើងថា លោក និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងស្វាយរៀង សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសូមយកឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគម្រោងដ៏មានសារប្រយោជន៍នេះឡើង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រ និងជំរុញការអនុវត្តគម្រោងព្រែកជីកនេះឡើងហើយ រហូតឈានដល់ការបើកការដ្ឋានកាលពីថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា ទៀនវស្សា ត្រូវបានចាត់ទុក ថា ជាពន្លឺសម្រាប់ជីវិតដែលផ្នែកងងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹកនាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន ដោយពិធីបុណ្យ “ចូលព្រះវស្សា” នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុង កំឡុងពិធីបុណ្យដែលមានរយៈពេល៣ខែនេះព្រះសង្ឃមិនចាកចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។ ទោះយ៉ាងណា ក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរ ចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។
ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បង់ចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗ ដល់ ព្ព្រះសង្ឃ ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។
សូមបញ្ជាក់ថា ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃគង់នៅវត្តកោះជុំ នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យកសាងវត្តកោះជុំ ១លាន១សែនរៀល ប្រគេនព្រះគ្រូចៅអធិការវត្ត ១សែនរៀល ព្រះសង្ឃ៥អង្គ ក្នុងមួយអង្គ ៦ម៉ឺនរៀល លោកតាអាចារ្យ៣នាក់ ក្នុងម្នាក់៤ម៉ឺនរៀល លោកតាលោកយាយ ១០នាក់ក្នុងម្នាក់២ម៉ឺនរៀល សរុបទាំងសម្ភារៈចំនួន២លាន២សែន២ម៉ឺនរៀល ៕
ដោយ៖ សុថាន