ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភន រ៉ាវុធ អធិការស្តីទីនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ចុះ អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីបទហិង្សា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ភន រ៉ាវុធ អធិការស្តីទីនគរបាលស្រុកគាស់ក្រឡ បានឱ្យដឹងថា កាតចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧០១ ត.ព្រ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ របស់លោក សាន សុផាត ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ធឿន ដារ៉ា ហៅនាថ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ) ដែលប្រព្រឹត្តនៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ