ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពីលោកស្រី ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែងទីតាំងខាងលើសមត្ថកិច្ចរកឃើញថា ពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុឲ្យចូលមកបម្រើការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យ លួចអនុញ្ញាតឲ្យផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៥នាក់ ដែលអាចមានការពាក់ព័ន្ធបើកទីតាំងខាងលើ (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង៥មានវត្ដមានឋិតក្នុងទីតាំង)។
បច្ចប្បន្នកម្លាំងសមត្ថកិច្ចនគរបាលបានកំពុងដំណើរការនីតិវិធីសាកសួរលើបុគ្គលសង្ស័យទាំង៥នាក់ ក្នុងការរកឱ្យឃើញអ្នកទទួលខុសត្រូវនិងបន្ដចំណាត់ការដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សូរិយា