ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ គណបក្សប្រឆាំងថ្មីបានបង្កើតឡើងនៅក្រោយគណបក្ស Move Forward ត្រូវបានរំលាយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា គណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ គឺ Move Forward បានប្រកាសឈ្មោះថ្មី ក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានរំលាយចោល ដោយតុលាការធម្មនុញ្ញក្នុងសប្តាហ៍នេះ ដោយសារតែគោលនយោបាយចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។
អ្នកនាំពាក្យ Move Forward បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សថ្មីនឹងមានឈ្មោះ Prachachon ដែលមានន័យថា People ឬ ប្រជាជន ហើយដឹកនាំដោយសហគ្រិនបច្ចេកវិទ្យា លោក ណាតថាភុង រឿងបញ្ញាវុឌ្ឍិ (Natthaphong Ruengpanyawut) អាយុ៣៧ឆ្នាំ។ លោក Natthaphong បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជាមេដឹកនាំគណបក្សថ្មី ហើយបេសកកម្មរបស់យើង គឺបង្កើតរដ្ឋាភិបាលដែលមានការផ្លាស់ប្តូរ សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៧»។
កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានប្រកាសសាលក្រមបង្គាប់ឱ្យរំលាយគណបក្ស Move Forward (MFP) ហើយដាក់បម្រាមមិនឱ្យសមាជិក១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ធ្វើនយោបាយរយពេល១០ឆ្នាំ។ ក្នុងនោះក៏រួមមានទាំងលោក Pita Limjaroenrat អាយុ៤៣ឆ្នាំផងដែរ ដែលជាអ្នកដឹកនាំ Move Forward ទទួលជ័យជម្នះយ៉ាងភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ប៉ុន្តែត្រូវបានរារាំងមិនឱ្យអាចបង្កើតរដ្ឋាភិបាល និងធ្វើជានាយករដ្ឋមន្រ្តី។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បាននាំគ្នាចេញមុខរិះគន់ការរំលាយបក្ស Move Forward ដោយថា វាជះប៉ះពាល់ដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ានមួយនេះ៕ ដោយ៖ ធីរីណា

រូបថត​៖ baotintuc


ចែករំលែក៖