ភ្នំពេញ ៖ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ នឹងចូលរួម ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ អន្តរជាតិគួយលីន ទីក្រុងគួយលីន តំបន់ស្វយ័តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ” ដែលមានការចូលរួមពីបណ្តា ក្រុមហ៊ុននានាចំនួនជាង ៨០០ស្តង់ អ្នកទិញ ៥០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ៥០០០នាក់។
ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា ចិន និងអាស៊ាន ព្រមទាំងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាស្របតាមស្មារតីអាស៊ាន និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” សំដៅទាក់ទាញ ទេសចរ និងវិនិយោគិនចិន ព្រមទាំងទេសចរ និងវិនិយោគិនក្នុងតំបន់អាស៊ាន ឱ្យមកទស្សនា និងវិនិយោគនៅ កម្ពុជាកាន់តែច្រើនថែមទៀត។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និង អន្តរជាតិ។ សូមទំនាក់ទំនងចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរស័ព្ទលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអ៊ីម៉ែល lycheaeng@yahoo.com ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕
ដោយ ៖ សិលា