ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាចម្រៀង Rap របស់កម្ពុជា «Vann Da – វណ្ណដា» បង្ហាញខ្លួនលើឆាក កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ជាមួយបទ «Time to Rise»

ចែករំលែក៖

ភ្នំពេញ ៖ នៅក្រុងប៉ារីស ប្រទេសបារាំង ទាំងជនជាតិខ្មែរ និងបរទេសលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន កំពូលតារាចម្រៀង Rap របស់កម្ពុជា «Vann Da – វណ្ណដា» បង្ហាញខ្លួនលើឆាក កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ជាមួយបទ  «Time to Rise» ចាត់ទុកថា កូនខ្មែរបង្ហាញពីសមត្ថភាពលំដាប់ពិភពលោក ។ 

សូមបញ្ជាក់ថា ៖ កំពូលតារាចម្រៀង Rap របស់ប្រទេសកម្ពុជា លោក វណ្ណដា ( Vann Da) នៅយប់មិញនេះ បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។

ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)។ 

សូមរំលឹកថា ៖ តារាចម្រៀងរ៉េបវ័យក្មេង ម៉ាន់ វណ្ណដា ពុះពារឧបសគ្គក្រាស់ក្រែល ទម្រាំសាងភាពល្បីរន្ទឺដូចសព្វថ្ងៃ ! 

លើកឡើងពីកំពូលតារាចម្រៀងរ៉េប វណ្ណដា ដែល ល្បីខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មាននរណា មិនស្គាល់នោះទេ ព្រោះលោកមិនត្រឹមច្បាមបានល្បីល្បាញនៅក្នុងស្រទាប់ យុវវ័យប៉ុណ្ណោះទេ តែម្ចាស់បទ “Time To Rise” ទាំងក្មេងៗ ហើយកេរ្តិ៍ឈ្មោះបានសាយភាយក្លិនក្រអូបចេញទៅដល់ ឆាក អន្តរជាតិថែមទៀតផង ពិសេសប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសភូមិផងរបងជាប់គ្នា។

មិនខុសពីសិល្បករផ្សេងៗ តារាចម្រៀងពេញដោយមហិច្ឆតារូបនេះ មានប្រវត្តិជូរចត់ណាស់ ហើយលោកបានតស៊ូពុះពារឧបសគ្គក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ដូច្នេះសព្វគ្រប់បែបយ៉ាងដែលមាននៅពេលនេះ វាមិនមែនជាភាពចៃដន្យនោះឡើយ។

មានឈ្មោះពិតថា ម៉ាន់ វណ្ណដា កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ ១៩៩៧ លើទឹកដីខេត្តព្រះសីហនុ។ លោកជាកូនពៅក្នុងចំណោមបងប្អូនប្រុសពីរនាក់។ បងប្រុសរបស់លោកមានឈ្មោះថា ម៉ាន់ វណ្ណឌី។ បើយើងត្រឡប់ទៅអតីតកាល គ្រួសាររបស់ វណ្ណដា មានជីវភាពមិនសូវធូរធារប៉ុន្មានទេ រហូតពេលមួយលោក និងឪពុកម្ដាយត្រូវទៅសុំស្នាក់អាស្រ័យនៅវត្តមួយកន្លែង នៅក្រុងព្រះសីហនុ។ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលកំពុងពិបាក វណ្ណដា ធ្លាប់ប្រកបរបរជាអ្នកកោសដូងលក់នៅផ្សារ រហូតលោកសាក់រូបដើមដូងមួយដើមនៅលើដៃ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឯង។

និយាយដល់ក្ដីស្រមៃកាលពីតូច គ្រប់ពេលមានអ្នកសួរថាធំឡើងចង់ធ្វើអ្វី? វណ្ណដា តែងឆ្លើយប្រាប់ថា លោកចង់ក្លាយជា «តារា» ឬ «តារារ៉េប» ប៉ុន្តែពេលនោះគ្រូ និងមិត្តភ័ក្តិមួយចំនួនបែរ សើចចំអកហើយមើលងាយទៅវិញ។ ការសើចចំអក និងការមើលងាយទាំងនោះមិនបានធ្វើឱ្យយុវជនរូបនេះទន់ជ្រាយឡើយ ផ្ទុយទៅវិញអំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធទំនុកច្រៀងនៅអំឡុងឆ្នាំ ២០០៩។ 

ដោយសារចិត្តប្រតិព័ទ្ធជាប់ជាមួយតន្រ្តីតាំងពីកំណើត បូករួមទាំងចំណូលចិត្តលើបទចម្រៀងបែបរ៉េបនៃចង្វាក់ហ៊ីបហប ព្រម ទាំង មានក្តីស្រមៃផងនោះ វណ្ណដា បានសម្រេចចិត្តស្ពាយមហិច្ឆតារបស់ខ្លួនចាកចេញពីទឹកដីកំណើតមករាជធានីភ្នំពេញ ដើម្បីតាមរក សុបិន ដ៏ធំនោះ ដោយមានលុយត្រឹម ១០០ ដុល្លារមកជាប់ខ្លួនតែប៉ុណ្ណោះ។

ជីវិតនៅទីក្រុងភ្លើងពណ៌មិនមែនជារឿងងាយស្រួលឡើយ ពេលមកដល់ភ្នំពេញដំបូងៗ វណ្ណដា បានស្នាក់នៅក្នុងវត្ត ហើយលោកគ្មានសូម្បីមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន តែដោយសារភាពអត់ធ្មត់ និងការតស៊ូ ដើម្បីសម្រេច សុបិន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រី និងភ្លេងជាមួយមិត្តភ័ក្តិជារៀងរាល់ថ្ងៃ រហូតដល់ឆ្នាំ២០១៦ ទើបលោកបញ្ចេញស្នាដៃបទចម្រៀងដំបូងគេបង្អស់ចំណងជើងថា «គេជាអ្នកណា» ដែលបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវវ័យនាពេលនោះ ហើយគ្រប់គ្នាក៏ចាប់ផ្តើមស្គាល់ឈ្មោះលោកពីពេលនោះមក។ «គេជាអ្នកណា» ជាចំណុចចាប់ផ្តើម និងជាការបើកទំព័រចូលវិស័យសិល្បៈរបស់តារាចម្រៀងរូបរ៉េបនេះ៕

ដោយ ៖ ស តារា


ចែករំលែក៖