ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគចិន ទីក្រុងសានថូវ

ចែករំលែក៖

  ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគចិន ទីក្រុងសានថូវ ផ្នែក ទេសចរណ៍ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម ។ 

   នេះជាការលើកឡើងរបស់ ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ខណៈឯកឧត្ដមអញ្ជើញ ជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី១ សម្រាប់ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលនទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន ។ 

     ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា  លោក មិន បានពីង លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកពីទីក្រុងសានថូវ វិនិយោគិន ធុរជន និងពាណិជ្ជករជាច្រើនទៀត។

    ឯកឧត្ដមសេង វណ្ណៈ បានមានប្រសាសន៍ថា៖ កម្មវិធី “សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន”នេះពិតជាបានបង្ហាញឱ្យឃើញពីគុណតម្លៃសម្រាប់ប្រទេសកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំង ជាសារដ៏មានអត្ថន័យ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនឡើង ពីសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្ដម សេង វណ្ណៈ ក្នុងឱកាសនោះក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជនដែលមានវត្តមាន ក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។

     អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានបញ្ជាក់ថា៖ តាមរយៈការរៀបចំ សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរ វប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលទីក្រុងសានថូវ នាពេលនេះ នឹងនាំមកនូវសមិទ្ធផលថ្មីមួយទៀត រវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ស្រប តាមគំនិតផ្តួចផ្តើមស្តីពី “យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនេះ៖ មិនត្រឹមតែជាគន្លឹះក្នុងការជំរុញកំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរណ៏ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង រាជធានីភ្នំពេញ និងទីក្រុងសានថូវ ទៅថ្ងៃអនាគតយ៉ាងពិតប្រាកដ។

     សូមបញ្ជាក់ថា៖ អនុស្សរណៈនៃការយោគយល់ស្តីពីសេចក្តីព្រាងការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន រូមមាន៖

១. ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ 

 ២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។

៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព ៕

ដោយ ៖ សំរិត


ចែករំលែក៖