ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិនបានបកស្រាយយ៉ាងរស់រវើកនូវស្មារតីនៃកីឡាចិននិងស្មារតីនៃកីឡាអូឡាំពិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់នៅថ្ងៃទី ១១ ខែសីហាបន្ទាប់ពីបានដំណើរការអស់រយៈពេល ១៩ ថ្ងៃ ។ អ្វីដែលគួរឱ្យប្រជាជនចិនដ៏ច្រើនរាប់មិនអស់មានមោទនភាពនោះគឺ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយសរុបចំនួន ៩១ គ្រឿង ក្នុងនោះបូករួមទាំងមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ចំនួន ២៧ គ្រឿងនិងមេដាយសំរឹទ្ធចំនួន ២៤ គ្រឿងដែលទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅដែលប្រទេសចិនបានចូលរួមនៅក្រៅប្រទេស “ហើយសម្រេចបាននូវសមិទ្ធផលទាំងស្នាដៃផ្នែកកីឡានិងអរិយធម៌ខាងវិញ្ញាណ ។ ការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិនបែបនេះបានបកស្រាយយ៉ាងរស់រវើកនូវស្មារតីនៃកីឡាចិននិងស្មារតីនៃកីឡាអូឡាំពិកដែលទទួលបានការស្រឡាញ់ពេញចិត្តនិងគាំទ្ររាប់មិនអស់នៅទូទាំងពិភពលោក ។

  គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងទៅនេះ ប្រសិនបើយើងប្រើពាក្យមួយមកបូកសរុបលក្ខណៈពិសេសនៃលទ្ធផលរបស់អត្តពលិកចិនក្នុងការប្រកួតលើកនេះ គឺ “ការវាយទម្លុះ” ។ ក្រុមកីឡាលោតទឹកចិនដែលត្រូវបានគេប្រសិទ្ធនាមថាជា “Dream team”ដណ្តើមបានមេដាយមាសសរុបចំនួន ៨ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាវាយកូនឃ្លីលើតុចិនដណ្តើមបានមេដាយមាសសរុបចំនួន ៥ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាលើកទម្ងន់ចិនដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង ចំណែកក្រុមកីឡាបាញ់កាំភ្លើងចិនទទួលបានលទ្ធផលដ៏ល្អបំផុត ។ល។ ដោយឡែកវិញ្ញាសាប្រពៃណីចំនួន ៦ របស់ប្រទេសចិនដណ្តើមបានមេដាយមាសចំនួន ២៧ គ្រឿងដែលត្រូវជា ៦៧,៥ ភាគរយនៃចំនួនសរុបនៃមេដាយមាសដែលបានបង្ហាញពី”ឥរិយាបថជាជើងឯក” ។

    គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លើសពីនេះទៅទៀត គណៈប្រតិភូកីឡាចិនក៏បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតវិញ្ញាសាជាច្រើនផងដែរ គឺ កីឡាការិនីចិនដណ្តើមបានមេដាយមាសក្នុងការប្រកួតវិញ្ញសាតិន្និសឯកត្តជននារីជាលើកដំបូង ក្នុងការប្រកួតវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាសដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងវិញ្ញាសានេះ ឈ្នះមេដាយមាសក្នុងការប្រកួតវិញ្ញសាហែលទឹកបែបសិល្បៈនិងកាយសម្ព័ន្ធបែបសិល្បៈជាលើកដំបូង ។ល។ ក្រោមការលើកទឹកចិត្តពីបាវចនាអូឡាំពិក ពោលគឺ “កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង–កាន់តែសាមគ្គីគ្នា” គណៈប្រតិភូកីឡាចិនបានឈ្នះមេដាយមាស”ប្រកបដោយគុណធម៌ ឥរិយាបថល្អនិងភាពស្អាតស្អំ”ដើម្បីបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់កីឡាអូឡាំពិក ។

   គេហទំព័រ «CCFR China state-controlled media » លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកាលពីថ្មីៗកន្លងទៅនេះថា សមិទ្ធផលដែលដណ្តើមបានក្នុងការប្រកួតវិញ្ញសាជាច្រើនដែលបូករួមទាំងកីឡាវាយកូនឃ្លីលើតុ ហែលទឹកនិងវិញ្ញសាផ្សេងទៀតបានបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាពក្នុងការបណ្តុះបណ្តាលអត្តពលិកដ៏ឆ្នើម ហើយអាចផ្តល់ជាកម្លាំងចិត្តដល់មនុស្សគ្រប់ៗគ្នា ។

    ពេលថ្មីៗនេះ កាសែត«Financial Times»អង់គ្លេសបានចុះផ្សាយអត្ថបទថា “ភាពជោគជ័យនៃប្រទេសមួយក្នុងវិស័យកីឡារមែងតែតំណាងឱ្យឧត្តមភាពកាន់តែទូលំទូលាយ” ។ តើកម្លាំងជាក់ស្តែងនៃកីឡាប្រកួតប្រជែងរបស់ចិនមានប្រភពមកពីណា ? ឥស្សរជនអ្នកវិភាគជាច្រើនកំពុងស្វែងរកមូលហេតុពីវិស័យជាច្រើន ក្នុងនោះបូករួមទាំងកម្លាំងជាតិចម្រុះរបស់ចិនបានកើនឡើងជាបន្តបន្ទាប់ កម្រិតហ្វឹកហាត់បានតភ្ជាប់ជាមួយអន្តរជាតិ ធនធានមនុស្សខាងវិស័យកីឡាបានលេចចេញជាបន្តបន្ទាប់និងការរៀបចំការប្រកួតកីឡាអូឡាំពិកដោយជោគជ័យចំនួនពីរលើកបានបំផុសយ៉ាងខ្លាំងនូវភាពកក់ក្តៅរបស់ប្រជាជនចិនក្នុងកីឡាលំហាត់ប្រាណជាដើម ។ ភាពជោគជ័យទាំងអស់គឺ បានមកដោយមិនងាយទេ គឺដោយមកពីការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនបែបយ៉ាង វាបានចាក់មូលដ្ឋានគ្រឹះសម្រាប់ឱ្យអត្តពលិកចិនទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ។

    ក្នុងនាមជាវេទិកាប្រកួតកីឡាដែលមានកម្រិតខ្ពស់បំផុតលើពិភពលោក ការប្រកួតកីឡាអូឡាំពិកមិនបានចាត់ទុកការប្រកួតប្រជែងជាប្រធានបទតែមួយគត់នោះទេ ។ ដោយឡែកវាក៏ជា”និមិត្តសញ្ញានៃសាមគ្គីភាពនិងមិត្តភាពនិងជាសមិទ្ធផលនៃការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក”ផងដែរដែលបានផ្ទុកនូវការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិដែលប្រាថ្នាចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។

បើនិយាយចំពោះពិភពលោក ការប្រកួតកីឡាអូឡាំពិកគឺជាបង្អួចមួយសម្រាប់យល់ដឹងពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់ប្រទេសចិន ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ការប្រកួតកីឡាអូឡាំពិកជាសាក្សីនៃវឌ្ឍនភាពនៃកីឡាប្រកួតប្រជែងរបស់ប្រទេសចិន ជាសាក្សីនៃការលើកកម្ពស់ជាបន្តបន្ទាប់នៃកម្លាំងជាតិចម្រុះរបស់ចិននិងជាសាក្សីនៃការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិក ។ នៅឆាកប្រកួតកីឡានាពេលអនាគត ប្រទេសចិននឹងបន្តផ្សព្វផ្សាយស្មារតីនៃកីឡាអូឡាំពិក ជំរុញសន្តិភាពនិងសាមគ្គីភាពរបស់ពិភពលោកដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់ចិនកាន់តែច្រើនក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖