ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងស្នើសុំដល់តាជី យាយជីឲ្យជួយណែនាំបន្ថែមដល់កូនចៅ និងក្មេងៗនៅតាមមូលដ្ឋានរបស់ខ្លួនកុំឲ្យប៉ះពាល់គ្រឿងញៀន និងទង្វើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិស្អប់ខ្ពើម។
-សម្ដេចធិបតី ថ្លែងអរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។
-សម្ដេច ថ្លែងលើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។
-សម្ដេចធិបតី ថ្លែងថា បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន។
-សម្ដេចធិបតី ថ្លែងថា ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដល់យុវជន គឺជាការចូលរួមថែរក្សាសន្ដិភាពរបស់កម្ពុជា តាមរយៈការអប់រំផ្លូវកាយ និងផ្លូវចិត្តធ្វើឱ្យយុវជនមានសន្ដិភាពផ្លូវចិត្ត។
-សម្តេចធិបតី ថ្លែងថា មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
-សម្ដេចធិបតី ថ្លែងថា គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។
-សម្ដេចធិបតី ថ្លែងថា ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។
-សម្ដេចធិបតី ថ្លែងថា ការកង្វល់អំពីជាតិរបស់យើងជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ អ៊ីចឹងការឯកភាពជាតិ ការរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាថែរក្សា។
-សម្ដេចធិបតី ថ្លែងថា ដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ។
-សម្ដេចធិបតី ថ្លែងថា នៅថ្ងៃទី២២ខែសីហាខាងមុខនេះ សម្ដេចនឹងទទួលបុរាណវត្ថុ ដែលបាត់ចេញពីទឹកដីកម្ពុជានៅអំឡុងសម័យសង្គ្រាម និងត្រូវអាម៉េរិករកឃើញហើយប្រគល់មកឱ្យកម្ពុជាវិញ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូចជាពេលកន្លងមក ពលរដ្ឋមានកង្វល់លើបញ្ហាដីធ្លី បញ្ហាអសន្ដិសុខ សម្ដេចតែងតែប្រាប់ទៅអភិបាលរាជធានី-ខេត្ត ដោះស្រាយភ្លាមៗ។ សម្ដេចបញ្ជាក់ថា ការស្ដាប់កង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងគឺជារឿងសំខាន់។
-សម្ដេចធិបតី ថ្លែងថា រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។
-សម្ដេចធិបតី ថ្លែងថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។
-សម្ដេចធិបតី ថ្លែងអំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។
-សម្ដេចធិបតី ថ្លែងថា មានយុវជនកម្ពុជាម្នាក់បានសួរទៅអ្នកជំនាញជប៉ុន អំពីកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ថាតើនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីដែរឬទេ? ជប៉ុន បានពន្យល់ខ្មែរថា ការអភិវឌ្ឍនៅតំបន់ព្រំដែននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) មិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីប្រទេសណាមួយនោះទេ។
-សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ជប៉ុនក៏បានផ្ដល់ជំនួយដល់កិច្ចសហប្រតិបតិការនៅតំបន់ព្រំដែន នៃប្រទេសទាំងបីនោះផងដែរ។
-សម្ដេចធិបតី ថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ!
-សម្តេចធិបតី ថ្លែងថា ទាក់ទងនឹងបញ្ហាខាងលើនេះសម្ដេចសូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា។ បងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។
-សម្ដេចធិបតី ថ្លែងចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលប្ដេជ្ញារក្សាអធិបតេយ្យភាព ការពារបូរណភាពទឹកដី ជំរុញការអភិវឌ្ឍ និងរក្សាស្ថិរភាពសុខសន្តិភាពជូនកម្ពុជាឱ្យខាងតែបាន។
សូមជម្រាបថា ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹងនិងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែលជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខសន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ៕
ដោយ៖ តារា