ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ ក.ប.ប​ បន្តរកឃើញទំនិញគ្មានគុណភាពចំនួន ៤៧.៦គីឡូក្រាមទៀត​ និងដកហូតយកកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃ​ទី១៤​ ខែសីហា​ ឆ្នាំ​២០២៤នេះថា​៖​ មន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ នៃសាខា ក.ប.ប. តាមបណ្ដា រាជធានី-ខេត្ត បានបន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ​ ខណៈ​មន្ត្រីជំនាញ​ ក.ប.ប​ បន្តរកឃើញទំនិញគ្មានគុណភាព(ហួសថ្ងៃ​បរិច្ឆេទ​)​ សរុប​ចំនួន ៤៧.៦គីឡូក្រាមទៀត​ និងបានដកហូតយកមកទុកកម្ទេចចោល។ 

ជាក់ស្ដែង​មន្រ្តីជំនាញផ្នែកម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង តាកែវ កណ្ដាល និងបាត់ដំបង នាថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ​ បាននាំយករថយន្តពិសោធន៍ម្ហូបអាហារ ចុះត្រួតពិនិត្យម្ហូបអាហារនៅតាមបណ្តាទីផ្សារ ផ្ទះលក់ទំនិញ និងសិប្បកម្មផលិតចែកចាយនំបញ្ចុក តាមភូមិសាស្ត្រសំខាន់ៗក្នុងខេត្តទាំង៤ ខាងលើ ក្នុងគោលបំណងធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ជាដើម។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានត្រួតពិនិត្យគុណភាព និង សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទប្រមាណជិត ៤០សំណាកគំរូ រួមមាន៖ សាច់បង្កក ប្រហិតចម្រុះ បន្លែ តំណាប់  ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម នំបញ្ចុក  ។ល។ ហើយតាមរយៈការធ្វើពិសោធន៍នេះ មន្ត្រីជំនាញបានរកឃើញទំនិញពុំមានអនុលោមភាពសរុបចំនួន ៤៧.៦គីឡូក្រាម ដោយដកហូត និងកម្ទេចចោលតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖