ភ្នំពេញ ៖ អតីតអ្នកកាសែតអាជីព ពោរពេញដោយបទពិសោធន៍ ជំនាញនិពន្ធអត្ថបទ សរសេរព័ត៌មានពិត ស្មើនឹង«ផលិតផលសម្រេច» ហើយបច្ចុប្បន្នជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) គឺលោក ហ៊ុុយ វណ្ណៈ បានសំណេរដាស់តឿន ៤ចំណុច ចៀសវាងក្រុមជ្រើម ដែលខ្វះការយល់ដឹងខាងទស្សនៈប្រវត្តិសាស្ត្រ និងកំពុងធ្លាក់ក្នុងឧបាយកលគេ ងាយរងគ្រោះថ្នាក់ បានធ្វើការពន្យល់ពីទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្ត្រ ដើម្បីទទួលបានការយល់ដឹងពីសង្គមដែលផ្តល់ដល់ផលប្រយោជន៍ជាតិជាធំ។
នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើផេកផ្លូវការថា ៖ សំបុត្រថ្ងៃនេះ!
ក្នុងនាមប្រជាជនខ្មែរ ហើយក៏ជាអ្នកដែលជោគជាំដោយបទពិសោធន៍ច្រើនដំណាក់កាល ខ្ញុំមិនបូរបាច់ទេ ប៉ុន្តែខ្ញុំសូមទាញការចាប់អារម្មណ៍អំពីដំណើរកម្ពុជាដូចតទៅ៖
១- កម្ពុជា នៅក្នុងដំណាក់ថ្មីៗ តើមានពេលណាមួយដែលមានស្ថានការណ៍ក្តៅជាងឆ្នាំ១៩៩៧ ដែលជាការធ្វើរដ្ឋប្រហារដោយកម្លាំងប្រដាប់អាវុធ? ហើយតើមានពេលណាមួយដែលមានស្ថានការណ៍ក្តៅជាងឆ្នាំ២០១៣-១៤ ដែលបង្កដោយក្រុមនយោបាយជ្រុលនិយម ហើយមេក្លោងអង្គការចាត់តាំងរបស់គេ ដឹកនាំកម្លាំងនៅនឹងកន្លែងតែម្តង? ប៉ុន្តែ រាជរដ្ឋាភិបាល អាចគ្រប់គ្រង និងដោះស្រាយបញ្ហាទាំងនោះបាន ដើម្បីរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជាយើងមកដល់សព្វថ្ងៃ។
២- ឥឡូវនេះ ក្រុមជ្រើម ដែលខ្វះការយល់ដឹងខាងទស្សនៈប្រវត្តិសាស្ត្រ និងកំពុងធ្លាក់ក្នុងឧបាយកលគេ បានប៉ុនប៉ងសារជាថ្មី ក្នុងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ក្រោមលេស ភ័យបាត់ដីខ្មែរ។ ខ្ញុំសុំរំលឹកថា «ភ័យនេះ គឺជាភ័យអន្តរាយ! ភ័យបំផ្លាញជាតិឯង ដោយខ្មែរខ្លួនឯង ក្នុងឧបាយកលរបស់គេ»។ អស់លោក ក្រឡេកមើល មេកើយអស់លោក! ដែលអស់លោកខ្លះ រត់ចោលប្រទេសទាំងមូល ហើយបែរជាមកសម្តែងបែបទឹកភ្នែកក្រពើ ថាភ័យខ្លាចបាត់ខែត្រ (sic)! អស់លោកសម្តែងបានសមជ្រុលណាស់! អស់លោកត្រូវយល់ថា «ប្រយោគក្បាលយួនខ្លួនខ្មែរ» គឺអស់ខ្មែរជាង៣លាននាក់ ក្នុងទសវត្សរ៍១៩៧០។ អំពើរបស់អស់លោកជាបន្តបន្ទាប់ កំពុងប្រមាថខ្មែរនៅក្នុងប្រទេសជាខ្លាំង!
៣- ខ្ញុំជូនយោបល់ កុំជ្រើម! សូម្បី មេក្លោងអស់លោកជើងជាប់ដី គង់ប្រាស់អាយុ។ ចុះទម្រាំគេបញ្ជាអុជអាលពីចម្ងាយ ដោយគ្មានការទទួលខុសត្រូវ តើទុកចិត្តម្តេចបាន?
បើចង់កាន់អំណាច ត្រៀមចូលបោះឆ្នោត ឆ្នាំ២០២៧។ ធ្វើឱ្យតែល្អទៅ កុំខ្លាច ប្រទេសជាតិមិនចងចាំ។ កម្ពុជា មិនទៅណាទេ! ខ្លាចតែអស់លោកអ្នកជ្រើមទេ ដែលទៅមុនកម្ពុជា! គេបិទ Internet ៦ម៉ោង គឺពួកអស់លោក នៅក្នុងរុន្ធទាំងអស់។ អ្នកមិនអាចរត់រួច សូម្បីតែម្នាក់!
៤- បទពិសោធន៍អាក្រក់ និងភាពជូរចត់របស់ប្រជាជនកម្ពុជា ទាំងឈាម និងទឹកភ្នែក គឺលើសពីគ្រប់គ្រាន់។ គ្មានអ្នកណាចង់ឃើញស្រមោលខ្មៅជាថ្មីទេ។ កុំស្មានថា ការអំពាវនាវ គឺជាការកំសាកឱ្យសោះ! តែអាណិតស្បែកខ្មែរដូចគ្នា។ កម្ពុជា ត្រូវការអភិវឌ្ឍន៍ ហើយបើក្រុមអស់លោកព្រួយខ្លាចបាត់ខេត្ត ប្រមូលក្រុមគ្រួសារទៅរស់នៅ ហើយជួយអភិវឌ្ឍខេត្តទាំងនោះឱ្យរីកចម្រើន នោះ កម្ពុជា មិនស្ទាក់ស្ទើនឹងគាំទ្រអំពើត្រឹមត្រូវនោះទេ៕
ដោយ ៖ សុខ ខេមរា