ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ស្ថានភាពនៅបង់ក្លាដេស ចាប់ផ្តើមពីបាតុកម្មអហិង្សា បន្ទាប់មកភ្លាមៗ បានវិវត្តក្លាយជាបាតុកម្មហិង្សាស្លាប់បាត់បង់អាយុជីវិតមនុស្សអស់ជាង៥០០នាក់ និងរងរបួសរាប់ពាន់នាក់ រហូតឈានទៅដល់ការដុតអាគារ វ៉ៃកម្ទេចអាគារ និងឆក់ប្លន់ លួចទំនិញពីក្នុងហាងដែលប្រជាជនមិនអាចប្រកបមុខរបរផ្សេងៗបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បាតុកម្មបានចាប់ផ្តើមដំបូងឡើយពីការទាមទារដក កូតា បន្ទាប់មកទាមទារប្តូររដ្ឋាភិបាល ហើយទាមទារយកអ្នកនយោបាយម្នាក់ដែលជិះយន្តហោះមកពីក្រៅប្រទេសមកដឹកនាំប្រទេសបង់ក្លាដេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បញ្ហាប្រឈម មិនមែនបញ្ចប់នៅត្រឹម ប្តូររដ្ឋាភិបាលនោះទេ បច្ចុប្បន្ននេះ នៅបន្តវាយគ្នានៅក្នុងប្រទេសបង់ក្លាដេស ដោយសារតែគំនុំសងសឹកគ្នាទៅវិញទៅមក ដែលរហូតដល់មានអ្នកខ្លះត្រូវបានគេសម្លាប់ទាំងក្រុមគ្រួសារដោយសារតែការសងសឹកនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភាមិនមែនមានតែបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាខ្លាចមែន ខ្លាចណាស់ខ្មែរបែកបាក់គ្នា ខ្មែរត្រូវរងគ្រោះពិការឡើងវិញព្រោះសង្គ្រាម។
ជាមួយគ្នានេះដែរ សម្តេចធិបតី បានអះអាងថា ចំពោះប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលនឹងធានានូវអ្វីដែលប្រជាពលរដ្ឋចង់បាន អធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅតំបន់ឥសាន្ត និងទូទាំងប្រទេស រួមទាំងការថែរក្សាសន្តិភាព ស្ថេរភាព ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ កុំឱ្យបែកបាក់គ្នា ពីព្រោះកម្ពុជា បានភ្លក់រសជាតិការឈ្លោះប្រកែកគ្នា បែកគ្នាឆ្អែតឆ្អន់រួចទៅហើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នារក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ កុំឱ្យខ្មែរបែកបាក់គ្នាដូចអតីតកាលតទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ហើយចំពោះអ្នកបំផុសបំផុសនៅក្រៅប្រទេស ដែលភាគច្រើននៅជប៉ុន ខ្ញុំសូមឱ្យក្រសួងការបរទេស សួរទៅរដ្ឋាភិបាលជប៉ុនតែម្តង អីឡូវភស្តុតាងមានហើយ ថាតើជប៉ុន គាត់គាំទ្រទេ ដែលយកទឹកដីជប៉ុន នៅក្នុងការបំផុសការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសផ្សេង។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំថាឱ្យជប៉ុន ដេញមកវិញ ប៉ុន្តែ គួរណែនាំ ថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុន ជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ ព្រោះសារមានច្បាស់លាស់ហើយ (គឺយើងត្រូវផ្តួលរដ្ឋាភិបាល) តើនេះ ឬជាអ្វី?»។
ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលច្បាស់ណាស់នឹងមិនការពារដល់រូបណាមួយដែលយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់ផ្តួលរំលំរដ្ឋាភិបាលប្រទេសផ្សេង។ ខណៈរដ្ឋាភិបាលកូរ៉េ ក៏នឹងគាំទ្រឱ្យបាតុករ ដែលនាំគ្នាធ្វើបាតុកម្មហើយបានយកដបសាំង ជំពាម និងដ្រូន ដើម្បីស្នើសុំធ្វើបាតុកម្ម ច្បាស់ណាស់រដ្ឋាភិបាលកូរ៉េ ក៏មិនអនុញ្ញាតនោះដែរ៕
ដោយ ៖ សិលា