ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅប្រទេសបង់ក្លាដេស ចាប់តាំងពីថ្ងៃដែលមានបញ្ហាចលាចលកើតឡើងមក សហរដ្ឋអាមេរិក រួមទាំងប្រទេសច្រើនទៀត បានចេញសេចក្តីណែនាំឱ្យពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅប្រទេសបង់ក្លាដេសដោយសារភ័ព្រួយពីបញ្ហាសុវត្ថិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ចំនួនភ្ញៀវទេសចរ ហាក់ចាប់ផ្តើមកើនឡើងបន្តិចវិញ ដូច្នេះ យើងមិនគួរធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ភ្ញៀវទេចរឡើយ ព្រោះថា ទេសចរមិនទៅដើរលេងនៅតំបន់ដែលមានគ្រោះថ្នាក់ឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាជនខ្មែរភាគច្រើនលើសលប់ទាំងអ្នកដែលគាំទ្រ ឬមិនគាំទ្រកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA មិនចង់ឱ្យកម្ពុជា ឈានទៅដល់សភាពការណ៍ដែលធ្វើឱ្យបាត់បង់ស្ថិរភាព មានភាពចលាចល ពិបាកប្រកបមុខរបររកស៊ីនៅក្នុងប្រទេសដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ននេះ។នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់ការរួបរួមឯកភាពជាតិដើម្បីថែរក្សាទឹកដីឲ្យគង់វង្ស។
សម្ដេចថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យខ្មែរខ្សោយនឹងងាយណាស់ក្នុងការបាត់បង់ទឹកដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីប្រវត្តិនៃការបែកបាក់ជាតិអស់៥០០ឆ្នាំដែលកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង។ សម្ដេចថាបញ្ហា CLV បើសិនជាគ្មានការយល់គ្នា ឯកភាពជាតិរវាងខ្មែរនិងខ្មែរទេ កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ឡើងវិញ។
សម្ដេចថា៖ «មូលហេតុនៃការបាត់បង់ទឹកដីដោយសារតែយើងចេះតែឈ្លោះគ្នា។ បើយើងនៅរួមគ្នាឯកភាពជាមានរឿងអីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា យើងនឹងខ្លាំង»។
ជាមួយគ្នានេះសម្ដេចថាការកង្វល់ពីទឹកដីជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ហើយសម្ដេចក៏ទទួលស្គាល់នូវសិទ្ធិបញ្ចេញមតិ និងការបារម្ភរបស់ពលរដ្ឋផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានស្តាប់មតិរបស់ពលរដ្ឋទាំងអស់ ប៉ុន្តែសម្តេចក៏ទទួលយកនូវមតិភាគច្រើន ដែលគាំទ្រឱ្យកម្ពុជាបន្តអភិវឌ្ឍខេត្តរបស់ខ្លួន នៅតំបន់ត្រីកោណនេះ៕
ដោយ ៖ សិលា