ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិ នៃកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីសម្ពោធដាក់ឱ្យដំណើរការបឋម “កម្មវិធីទូទាត់បាគងទេសចរ”

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាមួយគ្នានេះ សូមទេសចរអន្តរជាតិទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជារួចហើយ ចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញ ដោយប្រើប្រាស់អ៊ីមែល។

ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មានខាងក្រោម ៖

នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដូចជាក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនសរុបប្រមាណ ១៥០ នាក់។

ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យ ទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរ អន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។ ក្នុងន័យនេះ ទេសចរអន្តរជាតិគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជារួចហើយ ចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញ ដោយប្រើប្រាស់អ៊ីមែល។ បន្ទាប់មក ទេសចរ អន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចប្រើប្រតិបត្តិការ ទូទាត់តាមរយៈការស្កេន KHQR Code ជាមួយពាណិជ្ជករទូទាត់រាយប្រមាណៈ ៣,៣ លានទីតាំង នៅទូទាំងប្រទេសកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖