ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ ការចុះផ្ទាល់ជួបប្រជាពលរដ្ឋគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា នាយករដ្ឋមន្រ្តីកម្ពុជាជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រមានណាស់ដែលមេដឹកនាំណាមួយនៅលើពិភពលោកធ្វើបែបហ្នឹង។

លោក ប៉ែន បូណា បានបញ្ជាក់ថា ការចុះផ្ទាល់ជួបប្រជាពលរដ្ឋសួរសុខទុក្ខ ដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋនេះគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលឈររឹងមាំណាស់ជាមួយប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី។

លោក ប៉ែន បូណា បានតបទៅ ពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលថា  កុំសាកល្បងបើមិនស្គាល់គណបក្សប្រជាជនកម្ពុជា ហើយត្រូវងាកមកសិក្សាមើលគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យច្បាស់ ព្រោះរាជរដ្ឋាភិបាលឈរយ៉ាងរឹងមាំជាទំនុកចិត្ត និងជាភាពកក់ក្តៅតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានព្រមានដល់យុវជនមួយចំនួន ដែលតែងជេរប្រមាថ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនណាស់ ប៉ុន្តែពួកគេអត់ធ្មត់។

លោក ប៉ែន បូណា បានលើកឡើងថា រូបលោកផ្ទាល់ ក្រៅពីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកក៏ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាមួយរូប លោកជាមន្ត្រី ក្នុងជួររាជរដ្ឋាភិបាល លោកមានការឈឺចាប់ដែរ នៅពេលដែលពួកលោកអ្នកជេរប្រមាថថ្នាក់ដឹកនាំរបស់លោក។

ការព្រមានបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន បូណា អញ្ជើញចូលរួម ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ប៉ែន បូណា បានព្រមានយ៉ាងដូច្នេះ «សូមជម្រាបថា សមាជិកគាំទ្របក្សប្រជាជនកម្ពុជាច្រើនណាស់ ប៉ុន្តែគេសម្ដែងភាពអត់ធ្មត់ គេមានភាពចាស់ទុំ ក្នុងនាមអ្នកគាំទ្រគណបក្សកាន់អំណាច គេមិនចង់ធ្វើអ្វីមួយ ឲ្យវាមានបញ្ហានៅក្នុងសង្គម គេអត់ធ្មត់ ប៉ុន្តែបើដល់កម្រិតមួយ ដែលគេអត់ធ្មត់លែងបាន»៕

ដោយ ៖ សិលា


ចែករំលែក៖