ព័ត៌មានទាន់ហេតុការណ៍៖

លោក Lavrov៖ អាមេរិកបានណែនាំអ៊ុយក្រែនឱ្យវាយប្រហារខេត្ត Kursk របស់រុស្ស៊ី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលលទ្ធភាពនៃការចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានវាយប្រហារខេត្ត Kursk របស់រុស្ស៊ី។
កាលពីថ្ងៃទី 19 ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា លោកប្រធានាធិបតី Vladimir Putin បានប្រកាសថា មិនអាចមានការចរចាណាមួយជាមួយអ៊ុយក្រែនបានទេ បន្ទាប់ពីទីក្រុង Kiev បានវាយប្រហារខេត្ត Kursk របស់រុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ។
លោក Lavrov បានប្រាប់វិទ្យុ Rossiya-1 ថា “ប្រធានាធិបតី ពូទីន បាននិយាយយ៉ាងច្បាស់ថា បន្ទាប់ពីការវាយប្រហារលើ Kursk ការចរចាណាមួយគឺមិនអាចទៅរួចនោះទេ” ។
លោក Lavrov ក៏បាននិយាយផងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងមិនវាយប្រហារខេត្ត Kursk ដោយគ្មានបញ្ជាផ្ទាល់ពីសហរដ្ឋអាមេរិកនោះទេ។
លោក Lavrov បាននិយាយថា «អាមេរិកដែលនិយាយថាខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារលើខេត្ត Kursk] គឺគ្រាន់តែជាការនិយាយបែបក្មេងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ថា លោក Zelensky នឹងមិនធ្វើការសម្រេចចិត្តបែបនេះទេ ប្រសិនបើសហរដ្ឋអាមេរិកមិនបានណែនាំគាត់ឱ្យធ្វើដូច្នេះ”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបដិសេធព័ត៌មានដែលថាទីក្រុងមូស្គូ និងគៀវមានទំនាក់ទំនងអន្តរការីដោយកាតារ និងទួរគី ដោយនិយាយថាព័ត៌មាននេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
លោក Lavrov បានលើកឡើងអំពីព័ត៌មានថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា រុស្ស៊ី និងអ៊ុយក្រែនមានទំនាក់ទំនងសម្ងាត់ក្នុងការរៀបចំសម្រាប់ការចរចាដោយប្រទេសកាតារលើបញ្ហាបរិក្ខារថាមពល។ មានព័ត៌មានផងដែរថា Türkiye គ្រោងនឹងដើរតួជាអន្តរការីសម្រាប់ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ក្នុងវិស័យសន្តិសុខស្បៀង។
លើសពីនេះ លោក Lavrov ក៏បានលើកឡើងពីសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ដោយលោកបានមានប្រសាសន៍ថា ដំណើរការទាំងមូលនៅក្នុងក្របខ័ណ្ឌសន្និសីទគឺ “មិនអាចទទួលយកបាន” សម្រាប់រុស្ស៊ី៕

ដោយ៖ ធីរីណា(រូបថត​៖ Tass)


ចែករំលែក៖