ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ ក្រសួងទេសចរណ៍ មានកិតិ្តយលជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍និងអ្នកបកប្រែភាសាបន្តទាំងអស់និងចូលរួមកាត់បន្ថយបន្ទុក អនុលោមភាព រាជរដ្ឋាភិបាលសម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។
សូមសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ទាំងអស់ ជ្រាប និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យបានរួសរាន់ ប្រកបដោយស្មារតីទទួលខុសត្រូវ៕
ដោយ៖ តារា