ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ៖ កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំ និងថ្នាក់ ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់ខ្ញុំឡើយ។ ខ្ញុំសូម បញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ខ្ញុំគោរព និងអនុវត្តតាមអគ្គមគ្គទេសក៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស ខ្ញុំគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ។

ក្នុងន័យនេះ រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ត្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាម ស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំ ដែលបានបញ្ជាក់ជូនខាងលើ។ ជាពិសេស សូមរួមគ្នាគាំទ្រ និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ សម្តេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។ មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺ ជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃផងដែរ។ ខ្ញុំមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រី ពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រូបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះកម្លាំងសាមគ្គី ភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។

ខ្ញុំសូមជូនពរមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវព្រះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖