ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ភរិយាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាស្វាមីរបស់ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី បានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ មរណភាពនៃ សម្តេច ចៅហ្វាវាំង គឺជាការបាត់បង់ឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុង មួយជីវិតរបស់ សម្តេចចៅហ្វាវាំង បានខិតខំលះបង់យ៉ាងធំធេងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ មិន គិតពីវ័យ និងការនឿយហត់នៅគ្រប់ទីកន្លែង គ្រប់និគមជនបទនៃព្រះរាជាណាចក្រកម្ពុជា និងនៅ បរទេស ក្នុងបុព្វហេតុបម្រើ និងរក្សាកិត្យានុពលដ៏ឧត្តុង្គឧត្តមនៃជាតិ មាតុភូមិ និងដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ ដោយស្មោះត្រង់ និងលះបង់ខ្ពស់បំផុត ។ សម្តេចចៅហ្វាវាំង បានដង្ហែបម្រើ ព្រះរាជកិច្ចបានល្អប្រពៃណាស់តាំងពីក្នុងរជ្ជកាល ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រហូតបន្ត មកដល់រាជសម្បត្តិនៃ ខ្ញុំ ក្នុងបច្ចុប្បន្នកាលនេះ ។
ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង ដែលជាអ្នកស្នេហាជាតិ ដ៏ប្រសើរឧត្តុង្គឧត្តម និងសូមវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។ សូម លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕
ដោយ ៖ សិលា