ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តងោកមួយភាំងបុកបង្កាន់ដៃស្ពានពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបេីករថយន្តស្តារិចមួយគ្រឿងរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមនុស្សរងរបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញរថយន្តស្តារិច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BY-8408 បេីកបរដោយជនជាតិចិនម្នាក់ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីលិចទៅកេីត ដោយល្បឿនលឿនល្មម ខណៈមកដល់កន្លែងកេីតហេតុ អ្នកបេីកបរងោកមួយភាំងក៏រេចង្កូតបុកបង្កាន់ដៃស្ពាន ចំពីមុខ បណ្ដាលឱ្យរងការខូចខាត យ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បី រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖