ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកទំនិញបុកគូទរថយន្តស៊េរីទំនើបវិលមួយជុំទៅបុករថយន្ត១គ្រឿងបណ្តាលឱ្យរងរបួសបុរសម្នាក់

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងខណៈបេីកសុខៗបំណងឆ្លងផ្លូវស្រាប់តែមានរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកបុកគូទបណ្តាលឱ្យវិលមួយជុំហេីយបន្តទៅបុករថយន្ត១គ្រឿងទៀតរងការខូចខាតនិងធ្វេីឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត១គ្រឿងទៀតបើកចេញទៅបាត់ នៅសល់តែរថយន្ត២គ្រឿងនៅនឹងកន្លែងកើតហេតុដោយសាររងការខូចខាតយ៉ាងដំណំ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៤០ នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចមុខវត្តពូនភ្នំ  ភូមិភ្លូផ្អែក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

   បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប១គ្រឿងម៉ាកCHEVROLETពណ៌៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AF-7289 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីត្បូងទៅជើង​ លុះទៅដល់ត្រង់ចំណុចខាងលើបានស៊ីញ៉ូបត់ឆ្វេងស្របពេលនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងកន្ទុយរុឺម៉កប្រភេទដឹកទំនិញពណ៌ទឹកប្រាក់លាយខៀវពាក់ស្លាកលេខត្បងឃ្មុំ3A-2160 ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿនក៏បានជ្រុលចង្កូតទៅបុកគូទពីក្រោយបណ្តាលឱ្យវិលមួយជុំទៅបុករថយន្ត១គ្រឿងទៀតមិនចាំម៉ាកកំពុងធ្វើដំណើរបញ្រ្ចាស់ទិសដៅគ្នាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត១គ្រឿងទៀតបើកចេញទៅបាត់នៅសល់តែរថយន្ត២គ្រឿនៅនិងកន្លែងកើតហេតុរងការខូចខាតយ៉ាងដំណំ។

   ក្រោយពេលកេីតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងនិងស្ទូចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖