កូរ៉េ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គបញ្ជការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូចូលរួមពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ និងសន្និសីទមេបញ្ជាការកងទ័ពជើងគោកកូរ៉េ-អាស៊ាន លើកទី១ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក” ទីក្រុងដេជុន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ។
លោកនាយឧត្តមសេនីយ៍ PARK AN-SU មេបញ្ជការកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ បានថ្លែងថា ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដូចនេះការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក និងកិច្ចសន្ទនាពហុភាគី ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន គឹមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមនានា។ លោក បន្ថែមថា កងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រដល់កងទ័ពជើងគោកបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការហ្វឹកហ្វឺន ការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការងារភ័ស្តុភារ ជំនាញប្រឆាំងភេរវកម្ម និងសន្តិសុខអ៊ីនធើណែត។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញថ្លែងសុន្ទរកថាស្តីពី ការសម្របសម្រួលប្រតិបត្តិការមនុស្សធម៌សកល ដោយបានលើកឡើងអំពីការចូលរួមរបស់ កងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាព និងក្នុងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់ គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារវាយតម្លៃ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន (ASEAN-ERAT) ដែលបញ្ជាក់អំពីការតាំងចិត្តរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និង កងទ័ពជើងគោក និយាយដោយឡែក ចំពោះចក្ខុវិស័យរបស់អាស៊ាន អំពីតំបន់ដែលមានសុវត្ថិភាព និងភាពធន់។
ក្នុងឱកាសនៃការចូលរួមក្នុងសន្និសីទនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ PARK AN-SU មេបញ្ជការកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ, លោកនាយឧត្តមសេនីយ៍ MUHAMMAD HAFIZUDDEAIN BIN JAN TAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី, លោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកសាធារណរដ្ឋហ្វីលីពីន និងលោកឧត្តមសេនីយ៍ឯកបម្រុង NGUYEN VAN NGHIA អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
ក្នុងជំនួបទ្វេភាគីនិមួយៗ សមភាគីទាំងអស់បានពិភាក្សា និងឯកភាពជម្រុញសកម្មភាពកិច្ចសហប្រតិបត្តិការ លើគ្រប់យន្តការដែលមានស្រាប់ និងទិសដៅផ្ដោតលើកិច្ចការអាទិភាពមួយចំនួន រួមមាន៖ (១) ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត (២) ការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស និង (៣) ការធ្វើលំហាត់រួមគ្នា៕
ដោយ៖ តារា