ព័ត៌មានទាន់ហេតុការណ៍៖

ចេញ​ពី​កម្មវិធី​ផឹកស៊ី​បេីក​រថយន្ត​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ៖ ​យុវជន​ប្រុស​ស្រី​ចំនួន​៥នាក់​ខណៈ​ចេញ​ពី​កម្មវិធី​ជួបជុំ​ក៏បេីក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​ទាំង​ទ្រូង​ផ្លូវ​និង​រថយន្ត​យ៉ាង​ដំណំ។ 

​ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ខែ​តុលា​ឆ្នាំ​២០២៤​ នៅទល់មុខ​ផ្សារ​ទំនើប​អុីអន​១​  ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​  បានអោយ​ដឹង​ថា មុន​ពេល​កេីតហេតុ​គេឃើញ​យុវជន​ប្រុស​ស្រី​ចំនួន​៥នាក់​ក្នុងនោះ​មាន​ស្រី​២នាក់​ បាន​បេីក​និងជិះរថយន្ត​សេ៊រី​ទំនើប​មួយ​គ្រឿងម៉ាក SOUEAST DX7 ស៊េ៊រីឆ្នាំ​២០២២​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BR-9061ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ហេីយ​សង្ស័យ​​អ្នក​បេីក​បរ​ស្រវឹង​ស្រាពេល បើកមក​ដល់​ចំនុច​កេីត​ហេតុ​ ក៍ស្រាប់​តែ​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្មពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខ្ទាត​ក្បាល​នាគ​អស់​ចំនួន​១កង់​ ព្រម​ទាំង​ធ្វើ​អោយ​រថយន្ត​ខ្ទាត​បត់​ទទឹង​ផ្លូវ​ រងការ​ខូចខាត​បាក់​រ៉ូទីល​កង់មុខ​ចំហៀង​ខាង​ឆ្វេង​ តែ​សំណាង​ល្អ​មិន​បង្កអោយ​មានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ ទេ ចំណែកអ្នក​បេីក​បរ​ជាបុរស​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ ។ 

​    ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​និង​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖