ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤បានដឹកនាំក្រុមការងារ ចូលរួមដាំកូនឈើលើទំនប់បឹងកោះ មានកូនក្ងោក១៨០ដើម កូនគ្រញូង១៨០ដើមនិងកូនធ្នង់ ១១០ ដើម កូនបេង១៣០ដើម សរុប ៦០០ ដើម និងត្នោតចំនួន១៦៩គ្រាប់ ស្ថិតនៅភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក។
លោក ស៊ូ ម៉ុល អភិបាលស្រុក រមាសហែក បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។
លោកបន្តថា ការដាំដើមឈើ គឺដើម្បីបង្ហាញពីសកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។
លោកបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុក ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិបន្ថែមទៀតលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យទទួលបានលទ្ធផលល្អប្រសើរទៅអនាគត។
លោកបន្ថែមថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតការសំខាន់ គឺស្អាត បៃតង និងចីរភាព។
លោកអភិបាលស្រុក បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងឃុំទាំង១៦នៃស្រុករមាសហែក ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់ និងអភិរក្សធនធានធម្មជាតិព្រៃឈើ សម្រាប់មនុស្សជាតិគ្រប់ជំនាន់។
បន្ថែមពីនេះ លោក បានណែនាំដល់អាជ្ញាធរឃុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមដាំកូនឈើឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើតបរិស្ថានបៃតងក្នុងស្រុករមាសហែក របស់យើង៕
ដោយ៖ សុថាន