ព័ត៌មានទាន់ហេតុការណ៍៖

ស្របមេឃកំពុងភ្លៀង បុរសជាអ្នកដឹកជញ្ជូនម្នាក់ត្រូវរថយន្ដស៊េរីទំនេីបបុកបណ្ដាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ជាអ្នកដឹកជញ្ជូនស្លាប់នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅត្រើយម្ខាងជ្រោយចង្វា ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ 

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ដោយរថយន្តម៉ាក MG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BV-5991 បើកបរពីត្បូងទៅជើង ចំណែកម៉ូតូម៉ាក SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JK-0936 បើកបរដោយបុរសដឹកជញ្ជូននៃក្រុមហ៊ុនឯកជនមួយកន្លែងបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដោយសារមេឃកំពុងភ្លៀងហើយផ្លូវក៏រអិលផងនោះ ទើបធ្វើឱ្យម៉ូតូនិងរថយន្តបុកគ្នាចំកាងខាងមុខនៃរថយន្តបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ 

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍បានចុះមកដល់ រួចធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះនិងរថយន្ដបង្កទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖