ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ណែនាំឱ្យមន្រ្ដីជំនាញស្ថាបនាផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យបានលឿន ដើម្បីដាក់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យមន្រ្ដីជំនាញស្ថាបនាផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ដែលបានបាក់កន្លងទៅ បានលឿន ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងផលប្រយោជន៏រួម។

លោកបានណែនាំបែបនេះ ខណៈលោកដឹកនាំមន្រីជំនាញចុះពិនិត្យ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានបាក់ស្រុត កាលពីជាង១ ខែមុននោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ 

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះត្រូវធ្វើឱ្យបានលឿន ជាមួយ និងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេសផង ។ លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងបានត្រឹមត្រូវតាមស្ដង់ដារផង ។ 

   លោក បានណែនាំឱ្យក្រុមកាេងារ យកចិត្តទុកដាក់អនុវត្តការងារនេះបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់ត្រូវតែកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ ស្រុតច្រាំងប្រឡាយដែរ ដូច្នេះខ្ញុំស្នើឱ្យក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំឱ្យបាក់បន្ថែមដល់ផ្លូវបេតុងផ្សេងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។

   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយយើងបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះយើងបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹងហើយ។ កំណាត់ផ្លូវបេតុងអបប្រ ឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី ២៣ កញ្ញាកន្លងមកនេះ។ ដោយមានការយកចិត្តទុកដាក់ ពីលោក ឃួង ស្រេង អភិបាលរាជធានី កាលណោះ លោក បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរីឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ នេះភ្លាមៗ គឺក្រោយពីឯកឧត្ដមបានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី កន្លងមកនោះ ។ 

      សូមបញ្ជាក់ថា៖  កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះ គឺដោយសារភ្លៀងធ្លាក់ខ្លាំងនិងជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕ 

ដោយ ៖ សំរិត


ចែករំលែក៖