ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល “សូមអំពាវនាវជូនដល់អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមឱ្យបានគ្រប់ៗគ្នា”

សូមបញ្ជាក់ថា ៖  នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។

យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ដែលបច្ចុប្បន្ន នៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។

ក្នុងឱកាសដែរនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលមាននៅតាមសាលារៀន មណ្ឌលសុខភាព ឬ តាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខាន។ ក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងសហការរួមគ្នា ដើម្បីធានាបានថាអត្រាការគ្របដណ្តប់វ៉ាក់សាំងឱ្យបានខ្ពស់ ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែមនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាពដោយអង្គការសុខភាពពិភពលោក (WHO) ដែលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចនេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ។ យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល៖  ដំណាក់កាលទីមួយ នឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។

សូមរំលេចដែរថា បច្ចុបន្បន្ននេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងដែលអាចការពារជំងឺទារក កុមារបាន មានចំនួន ១២មុខ រួមមាន៖ ការពារជំងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្រ្ជឹល ជំងឺស្អូច ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Streptococcus) ជំងឺរលាកខួរក្បាលជេអ៊ី និងការពារជំងឺមហារីកមាត់ស្បូន៕

ដោយ ៖ សិលា


ចែករំលែក៖