ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

ក្នុងឱកាសនៃជំនួប លោក Kim Han-Gil  បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil  បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤​ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបាន​ផ្តល់ការគាំពារ​ដល់ពលករកម្ពុជា​ ដែលកំពុងធ្វេីការនៅប្រទេសកូរ៉េ។ 

មុននឹងបញ្ចប់ សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការដ៏ល្អ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រទេសទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖