ព័ត៌មានទាន់ហេតុការណ៍៖

និវត្តន៍ជនម្នាក់ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័របុកស្លាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបណ្ដាលអោយបុរសជានិវត្តន៍ជនម្នាក់ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័របុកស្លាប់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤នេះថា បុរសដែលស្លាប់មានឈ្មោះកែវ ចេន អាយុ៦២ឆ្នាំ មុខរបរនិវត្តន៍ជន មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១C-២២២៣ រងការខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤វេលាម៉ោង៨  នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ស្ថិតក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់ជានិវត្តន៏ជន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១C-២២២៣ ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្ត០១គ្រឿងប្រភេទកុងតឺន័រពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-9692 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតែម្ដង។

ក្រោយកើតហេតុដោយឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយមក សាកសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯវត្ថុតាង ម៉ូតូនិងរថយន្តសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែម៉ូតូពាក់ស្លាកលេខស្វាយរៀង 1C -2223បត់ឆ្វេង ឆ្លងផ្លូវចូលពាក់កណ្ដាលរថយន្តបណ្ដាលអោយបុកស្លាប់គួរអោយសង្វេគ៕

ដោយ៖ សុថាន


ចែករំលែក៖