ភ្នំពេញ៖ នាថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្តល់បទសម្ភាសន៍រួច លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំទទួលបន្ទុក បានចុះពិនិត្យការផ្តល់សុខភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បងប្អូនកីឡាករ កីឡាការិនី ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
ក្នុងឱកាសចុះពិនិត្យនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតចុះពិនិត្យការផ្តល់សេវាសុខាភិបាល នៅជម្រាកស្តង់នៅមុខវាលមេរុ ស្តង់ខាងជើងវេទិកាកិត្តិយស និងស្តង់ទល់មុខគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ដែលជាតំបន់មានសភាពអ៊ូអរ ដើម្បីធានាឆ្លើយតបនឹងស្ថានភាពជាក់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងការពារសន្តិសុខ ដែលកំពុងមកទទួលសេវាសុខាភិបាល និងបានណែនាំអំពីការពារសុខភាព ដោយត្រូវពិសារទឹកឱ្យបានច្រើន គ្រប់គ្រាន់ ពិសារអាហារដែលឆ្អិនល្អ និងប្រកបដោយអនាម័យ។ ក្នុងករណីមានបញ្ហាសុខភាព សូមចូលពិនិត្យសុខភាពរបស់ខ្លួន នៅទីតាំងក្រុមគ្រូពេទ្យប្រចាំការដែលនៅជិតខ្លួនបំផុត រួចចាំបន្តដើរទស្សនាជាបន្ត។
លោកសាស្រ្តាចារ្យ ក៏បានធ្វើការខលទំនាក់ទំនងទៅមន្រ្តីសុខាភិបាលទទួលបន្ទុក ១១៥ និង១១៩ ដើម្បីជាការបញ្ជាក់ថាមន្រ្តីសុខាភិបាល មានការប្រចាំការទាំងការផ្តល់ព័ត៌មាន និងរថយន្តគិលានសង្រ្គោះបន្ទាន់។ ក្នុងនោះដែរ លោកសាស្រ្តាចារ្យ ក៏បានណែនាំដល់មន្រ្តីទទួលបន្ទុក សូមខិតខំបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ករណីដាច់សូមទំនាក់ទំនងត្រឡប់វិញភ្លាម ហើយក្នុងករណីមានភាពចាំបាច់ដែលប្រជាពលរដ្ឋមានស្ថានភាពសុខភាពមិនល្អ ត្រូវទំនាក់ទំនងផ្តល់ព័ត៌មានដល់ក្រុមគ្រូពេទ្យជិតនោះ។
ប្រជាពលរដ្ឋដែលមកទទួលសេវា បានលើកឡើងថា “ព្រះរាជពិធីបុណ្យឆ្នាំនេះ ពិតជារៀបចំបានយ៉ាងល្អ និងមានភាពរីករាយ កក់ក្តៅ ទាំងការរៀបចំពិធី សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងវត្តមានក្រុមគ្រូពេទ្យផ្តល់សេវាថែទាំសុខភាពគ្រប់ទីកន្លែង នេះពិតជាបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសជាតិយើង”៕
ដោយ ៖ សិលា