ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាង លិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។

ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។ អ្នកអភិរក្សថ្ម លោក ឡុង ណារី ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួស ជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់នៅតួប៉មកណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែលចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។ 

អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ពន្ធជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាលនៃសម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។

បច្ចេកទេសនៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្មមកបង្ហាប់ដី។ រីឯដុំថ្មកាំជណ្ដើរដែលបាក់បែក ត្រូវតភ្ជាប់ឬក៏ជំនួសដោយថ្មថ្មី រួចហើយចាប់រៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធឡើងវិញ ព្រមទាំងប្រើបាយអបិទភ្ជិតមុខតំណដើម្បីឱ្យទឹកហូរចេញនិងជ្រាបចូលគ្រឹះប្រាសាទជាដើម។

គម្រោងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀង ខាងជើងនិងសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមនេះ ចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះអាចនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៤ខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖