ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ “សម្រាប់ និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “រ” មួយទៀត ក្នុង តំណភ្ជាប់ ដែលស្រដៀងនឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក” (https://t.me/EmployerChat) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាជិកចំនួនជាង ២៥ ០០០ នាក់ ជាមធ្យោបាយ ទាក់ទងជាមួយបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ដោយជនអនាមិកបានប្រឌិតព័ត៌មានថាប្រព័ន្ធ បង់ថ្លៃសេវាសាធារណៈរបស់ក្រសួងមានបញ្ហាមិនដំណើរការ និងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិកា របស់និយោជក។
ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ជូន ដូចខាងក្រោម៖
១. ក្រសួង មិនមានគោលការណ៍ឱ្យមន្ត្រី ផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន នោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ក្នុងប្រព័ន្ធអំពីការទូទាត់ថ្លៃសេវា។
២. ក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។
៣. ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក” (https://t.me/EmployerChat) ឬ ប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន និង សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកនេះ៕
ដោយ៖ តារា