ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ (IPTP11)

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ​នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់​ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភា​ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ មានដូចខាងក្រោម​៖

-សម្ដេចតេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់ថា ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានការបន្តអភិវឌ្ឍប្រទេសបានល្អ។ 

-សម្ដេចតេជោ​ បញ្ជាក់បន្ថែមថា បើអ្នកដឹកនាំជំនាន់ថ្មីមិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនខិតខំស្វែងរកបាននោះទេ សម្ដេចនឹងមិននៅស្ងៀមឡើយ។

-សម្ដេចតេជោ ថ្លែង​រម្លឹក និងអរគុណសារជាថ្មីដែលវៀតណាមបានជួយ រំដោះកម្ពុជាចេញពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុលពត ជួយការពារអាយុជីវិតប្រជាជនកម្ពុជា។

-សម្ដេចតេជោ ថ្លែង​រម្លឹកថា សម្ដេចជាមនុស្សដំបូងគេ ដែលបង្ហាញបំណង និងជំហរជួបសម្ដេចនរោត្តមសីហនុ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា គឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ទើបសម្ដេចតេជោ និងសម្ដេចនរោត្តម សីហនុ ឈានទៅបើកការចរចាពិតប្រាកដរហូតឈានទៅការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលឆ្នាំ២០២៤នេះ គឺជាខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស។

-សម្ដេចតេជោ ថ្លែង​គូសបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស កម្ពុជាមិនទាន់ទទួលបានសន្ដិភាពពេញលេញនៅឡើយ ខណៈបន្ទាប់ពីអ៊ុនតាក់ចាយប្រាក់អស់ពីរពាន់លានដុល្លារ អ៊ុនតាក់បានចេញពីកម្ពុជាដោយទុកឱ្យកម្ពុជាជាប់នៅក្នុងសង្គ្រាមនៅឡើយ។

-សម្ដេចតេជោ ថ្លែង​គូសរំលេចថា រឿងប្រវត្តិសាស្រ្ដមិនត្រូវកាឡៃនោះទេ ខណៈកម្ពុជាគឺមានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម។

-សម្ដេចតេជោ ថ្លែង​រម្លឹកថា រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចបានផ្ដួចផ្ដើមប្រមូលផ្ដុំភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្ម ដោយអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយផ្ដល់នូវគោលការណ៍ចំនួន៣ គឺធានាអាយុជីវិត ធានាអាជីព និងធានាទ្រព្យសម្បត្តិ ដល់ភាគីដែលចុះចូលទាំងអស់ទើបពេលនោះកម្ពុជាអាចស្វែងរកសន្ដិភាពបាន។

-សម្ដេចតេជោ ថ្លែង​រម្លឹកបន្ថែមថា ចាប់ពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចបានដាក់អាយុជីវិតលើកទី២ ដើម្បីអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជាអាចស្វែងរកនូវសន្ដិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល ២៧ឆ្នាំហើយ បើគិតមកទល់ពេលនេះ ខណៈរយៈពេលជាង ៥០០ ឆ្នាំមកនេះ កម្ពុជាមិនដែលទទួលបានសន្ដិភាពយូរបែបនេះទេ។

-សម្ដេចតេជោ ថ្លែង​បញ្ជាក់ថា សម្រាប់កម្ពុជា សន្ដិភាពមានតម្លៃណាស់ បើសិនជាគ្មានសន្ដិភាព គឺយើងមិនអាចធ្វើអ្វីៗបានទេ។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់មេដឹកនាំតាមបណ្ដាប្រទេសនានា ដែលបានចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) រួមគ្នាផ្សព្វផ្សាយតាមរយៈស្ថាប័នផ្សព្វផ្សាយដែលមាននៅកម្ពុជា អំពីឯកសារសាលាក្ដីខ្មែរក្រហមកម្ពុជា។

-សម្ដេចតេជោ ថ្លែង​បញ្ជាក់ថា វៀតណាមមកកាន់កម្ពុជា គឺជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមប៉ុលពត និងជួយទប់ស្កាត់របបនេះមិនឱ្យកើតឡើងវិញ គឺមិនដូចការចោទប្រកាន់របស់ក្រុមមួយចំនួនថាកម្ពុជាអាយ៉ងវៀតណាមនោះទេ។ 

-សម្តេចតេជោ ថ្លែងថា សម្តេចបានប្រែក្លាយពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ រហូតដល់ក្លាយជានាយករដ្ឋមន្ត្រីដែលគេស្វាគមន៍។ កម្ពុជាបានខិតខំពីប្រទេសឯកោ ទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើមុខ ស្មើមាត់នៅឆាកអន្តរជាតិ។

-សម្តេចតេជោ ថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូ នៃការផ្តល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ ក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាពស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងកម្ពុជាដែលបានបញ្ជូនមានប្រហែល ១ម៉ឺននាក់នៅក្នុង១០ប្រទេស។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។

-សម្ដេចតេជោ ថ្លែង​ថា ប្រទេសជាតិមួយត្រូវមានភាពជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន​ពីព្រោះនៅពេលដែលប្រទេសជាតិ​មួយបាត់បង់​ភាពម្ចាស់​ការរបស់ខ្លួននោះនឹងឈានទៅដល់ការបែកបាក់មិនខាន។

-សម្ដេចតេជោ ថ្លែង​បញ្ជាក់ថា កម្ពុជាទើបមានសន្ដិភាពពេញលេញជិត ២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនេះគឺជាសន្ដិភាពពេញលេញយូរជាងគេក្នុងរយៈពេល ៥០០ឆ្នាំមកនេះរបស់កម្ពុជា។ តែគួរឱ្យសោកស្ដាយដែលមានក្រុមជ្រុលនិយមមួយចំនួនបែរជានិយាយថា យើងយកសន្ដិភាពគំរាមពួកគេទៅវិញដែលនេះ គឺជាមនោគវិជ្ជាមួយដែលគួរឱ្យព្រួយបារម្ភដែលនាំឱ្យមនុស្សស្អប់សន្ដិភាព។

-សម្តេចតេជោ ថ្លែងថា​ ចង់ឃើញការជួយជ្រោមជ្រែងពីមិត្តអន្តរជាតិ ប៉ុន្តែមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ  ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធាន, ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។

-សម្ដេចតេជោ ថ្លែង​ថា លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង, ជាពិសេស សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌, សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។ 

-សម្ដេចតេជោ សង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ, រួមមាន ១)ការទប់ស្កាត់ជម្លោះ, ២) ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ,  ៣) យុត្តិធម៌អន្តរកាល, ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ,  និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល៕

ដោយ៖ តារា


ចែករំលែក៖