ខេត្តពោធិ៍សាត់ ៖ អង្គភាពមណ្ឌលអប់រំកែប្រែទី៤ សូមជម្រាបជូនដល់បងប្អូនសាធារណៈជន ប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ ញាតិជនជាប់ឃុំ និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ ផ្អែកលើការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) នៅ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាមានសាច់ញាតិជនជាប់ឃុំនៅខេត្តពោធិ៍សាត់ប្រាប់ថាមានជន ជាប់ឃុំស្លាប់ជាបន្តបន្ទាប់ ដោយសារការក្អួតចង្អោរ ចុកពោះ ព្រមទាំងមានកើតកមរមាស់លើដងខ្លួន។
ចំពោះករណីចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ខាងលើនេះមណ្ឌលអប់រំកែប្រែទី៤ សូមបដិសេធទាំងស្រុង ព្រោះមណ្ឌលយើងខ្ញុំពុំមានជនជាប់ឃុំស្លាប់ជាបន្តបន្ទាប់នោះទេ។ សូមបញ្ជាក់៖ អង្គភាពមណ្ឌលអប់រំកែប្រែទី៤ បានបង្កើតក្រុមការងារត្រួតពិនិត្យលើរបបហូបចុករបស់ជនជាប់ឃុំជាប្រចាំ ដោយផ្អែកលើអនាម័យ បរិមាណ និង រសជាតិ។ បញ្ចេញជនជាប់ឃុំគ្រប់រូបហាត់ប្រាណក្នុងមួយថ្ងៃពីរដង ក្នុងមួយដងចន្លោះពី ៣០នាទី ទៅ០១ ម៉ោង មណ្ឌលក៏មានក្រុមគ្រូពេទ្យប្រចាំការនៅក្នុងប៉ុស្តិ៍សុខភាព ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីត្រួតពិនិត្យព្យាបាលទៅ លើសុខភាពជនជាប់ឃុំជាប្រចាំ។
ហើយអង្គភាពយើងខ្ញុំរីករាយសហការ ជាមួយក្រុមគ្រួសារ សាច់ញាតិជនជាប់ឃុំ ប្រសិនបើចង់ដឹងអំពីព័ត៌មាន សុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៤ អញ្ជើញអស់លោក លោកស្រី ទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គភាពមណ្ឌលអប់រំកែប្រែទី៤ និងកុំស្តាប់តាមការផ្សាយរបស់ជនខិលខូចមួយចំនួនបំផ្លើសការពិត។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕
ដោយ ៖ សិលា