ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP 11) នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារក្នុងពេលអាហារពេលព្រឹក ជាមិត្តភាពក្រៅផ្លូវការ ជាមួយ លោក ខាំបៃ ដំាឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា វត្តមានរបស់ លោក ខាំបៃ ដំាឡាត់ ក៏ដូចជាវត្តមានរបស់លោកស្រី ផានី យ៉ាថរទូ (Pany Yathotou) អនុប្រធានាធិបតីឡាវ ក្នុងមហាសន្និបាត ICAPP លើកទី ១២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដែលបានលើកមុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងឆាកអន្ដរជាតិ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់មកនេះបានបញ្ជាក់ពីទំនាក់ទំនងជាប្រពៃណី ជាបងប្អូនភូមិផងរបងជាប់គ្នាតំាងពីយូរលុងណាស់មកហើយ និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រទេសនិងប្រជាជនទាំងសងខាង។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត នៅពេលរដ្ឋសភាប្រទេសឡាវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងនោះមានការរៀបចំការទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព រវាងសម្តេចនិង លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ត្រិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ ពីជោគជ័យដ៏ធំធេង ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ ដែលទទួលបានផ្លែផ្កាគួរជាទីមោទនៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងវប្បធម៌សន្ទនាដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតបន់និងសកលលោក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការីកចម្រើនខាងសេដ្ឋកិច្ចនោះធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។
លោក ខាំបៃ ដំាឡាត់ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាដែលឆ្លៀតពេលដ៏មមាញឹកក្នុងការរៀបចំសម័យប្រជុំពេញអង្គ IPTP មកទទួលទានអាហារពេលព្រឹកក្រៅផ្លូវជាមួយឯកឧត្តម ដែលនេះបានបង្ហាញពីការបន្តថែរក្សាចំណងមិត្តភាពជាប្រពៃណី ការជួបប្រាស័្រយទាក់ទងគ្នារវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ។ លោក បានអបអរសាទរ ចំពោះជោគជ័យរបស់សភាកម្ពុជាក្នុងការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ ប្រកបដោយអត្ថន័យបំផុតសម្រាប់មនុស្សជាតិ គឺសន្តិភាព។
ជាមួយគ្នានេះ លោកអនុប្រធានរដ្ឋសភាឡាវ បានអរគុណចំពោះរដ្ឋសភាកម្ពុជា ពិសេស សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា ក្នុងកម្រិតក្រោយឧត្តមសិក្សា។
សម្តេចរដ្ឋសភាធិបតី និង លោក ខាំបៃ ដំាឡាត់ បានសន្យាថានឹងខិតខំអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយយកពលរដ្ឋជាស្នូល។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរក៏បានសន្យាថានឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន រឹងមាំឡើងបន្ថែមទៀតព្រមទំាងការពង្រឹងការតភ្ជាប់គមនាគមន៍រវាងប្រទេសទំាងពីរជាមួយប្រទេសចិន គឺកម្ពុជា ឡាវនិងចិន តែម្តង។
ជាថ្មីម្តងទៀត សម្តេចបានអរគុណ ចំពោះការចូលរួមវិភាគនិងការចែករំលែកបទពិសោធន៍ល្អៗរបស់ លោកអនុប្រធានរដ្ឋសភានិងសហការី នៅក្នុងកិច្ចប្រជុំពេញអង្គ IPTP ដែលជាចំណែកដ៏សំខាន់ជួយឱ្យសម័យប្រជុំ IPTP សម្រេចចេញនូវឯកសារសំខាន់ៗចំនួនពីរ គឺ ១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ និង ២) ធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter)។
សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល ជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលនេះ។ ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារសាធារណៈ មួយដ៏សំខាន់ ចាំបាច់ នាពេលបច្ចុប្បន្នក្នុងស្ថានភាពពិភលោក ដែលមានការប្រែប្រួល ស្មុគស្មាញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ជម្លោះ និងកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពមនុស្សជាតិនៅលើពិភពលោក៕
ដោយ ៖ សិលា