ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយចម្រោះទឹកស្អាត វិទ្យាល័យក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយចម្រោះទឹកស្អាតដែលឧបត្ថម្ភដោយក្រុមហ៊ុន ” ភាគហ៊ុនរួមគ្នាជម្រុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(ស៊ីបកូ) ” ដែលជាក្រុមហ៊ុនមួយដ៍ធំធ្វើការងារដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការការពារបរិស្ថាននៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

   មានមតិក្នុងអង្គពិធីនោះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយចម្រោះទឹកស្អាតនៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាព សុខភាពចម្បងរបស់ សិស្សានុសិស្សទូទាំងខេត្ត ។ ស្ថានីយចម្រោះទឹកស្អាតពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ទី១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស ទី២- កាត់បន្ថយការចំណាយថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងទី៣-កាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិកដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។ 

   តាមការលើកឡើងរបស់លោក ហ័ង អាញ់យុង នាយកក្រុមហ៊ុនអុីនត្រាកូ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ បានបញ្ជាក់ថា ៖ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអុីនត្រាកូ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ស៊ីបកូ បាននិងកំពុងអនុវត្តគម្រោងចែកចាយចង្ក្រានសំចៃថាមពលចំនួន៣៥ម៉ឺនគ្រឿង និងធុងចម្រោះទឹកចំនួន១៥ម៉ឺន ជូនដល់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនស៊ីបកូមានគម្រោងសាងសង់ស្ថានីយចម្រោះទឹកពិសាជូនដល់សាលាក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ និងមានគម្រោងផែនការចែកចាយធុងចម្រោះទឹកស្អាតចំនួន ៨៥ម៉ឺនធុង និងចង្ក្រានសន្សំសំចៃថាមពលចំនួន ៤៥ម៉ឺន នៅក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ មិនគិតថ្លៃ ដោយផ្តល់អាទិភាពចំពោះគ្រួសារដែលនៅប្រើអុសសម្រាប់ចម្អិនអាហារ និងមិនទាន់មានប្រភពទឹកពិសាសុវត្ថិភាព។ តាមរយៈសកម្មភាពទាំងនេះនឹងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺចំពោះនារីនិងកុមារ និងកាត់បន្ថយការកាប់ដើមឈើមកធ្វើអុសចម្អិនអាហារ និងជាការរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។ 

    ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានក្លាយទៅជាបញ្ហាធំរបស់សកលលោក ហើយបាននិងកំពុងតែទទួលរងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុនេះ។ ទោះបីកម្ពុជា មិនមែនជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន តែកម្ពុជាបានរងនូវផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការកើនកម្តៅ។ល។ ដែលនាំឱ្យប៉ះបាល់ដល់អាយុជីវិតមនុស្ស សត្វ ដំណាំកសិកម្ម ទ្រព្យសម្បត្តិ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន ក្រសួងបរិស្ថានជាសេនាធិការបានមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបរិស្ថាន ដោយបានដាក់ចេញនូវផែនការសកម្មភាពចាំបាច់ចម្បងៗ  យុទ្ធសាស្ត្ររយៈពេលវែង យុទ្ធនាការបណ្តុះនិងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ល។ ដើម្បីពង្រីកគម្របព្រៃឈើ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

   នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ៖

១-អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ គោលនយោបាយ សេចក្តីណែនាំក៏ដូចជាផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ។

២-ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ត្រូវរួមគ្នាថែរក្សា ការពារស្ថានីយបូមទឹកនេះឱ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង។

៣-ត្រូវខិតខំការពារបរិស្ថានឱ្យបានស្អាត ថែរក្សាសុខភាព អនាម័យ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់បន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ។

៤-ពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖