ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបដល់សាធារណជន និងសារព័ត៌មានមេត្តាជ្រាបថា សារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីករណីប៉ុនប៉ងមនុស្សឃាត ពីជនមិនស្គាល់អត្តសញ្ញាណ បានលបលួច បាញ់មួយគ្រាប់ដោយប្រើប្រាស់អាវុធកែច្នៃ ទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជា អ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨៖០០នាទីយប់ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់ មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ ក្រោយពីការផ្តល់ ចម្លើយរួចមក ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្ត រៀបចំអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី ធ្វើការសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល និងការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ តារា