ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ស រដ្ឋា​ ជំរុញមន្ត្រីនគរបាលខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​បន្ថែមទៀត​ ជាពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង​អស់ ត្រូវបម្រេី​ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា​ អគ្គស្នងការរង​ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃពុធ​ ទី១១​ ខែធ្នូ​ ឆ្នាំ​២០២៤​ បានអញ្ជើញជា​អធិបតីបេីកសន្និបាតបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ​២០២៤​ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ នៅសណ្ឋាគារ​ សុខា​ ។ ក្នុងពិធីបេីកសន្និបាត​ ក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ ស្នងការរង​ នាយ-នាយរងការិយាល័យ​ អធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង៥​ និងនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់​ទាំង​២៩​ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ។ 

ជាកិច្ចចាប់ផ្ដេីមបេីកសន្និបាតបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ​ លោកឧត្ដមសេនីយ៍ឯក​ ស​ រដ្ឋា​ បានឡេីងមានមាតិស្វាគមន៍​ ចំពោះអង្គសន្និបាត​ និងបេីកសន្និបាត ។ 

កិច្ចបន្ត លោកឧត្ដមសេនីយ៍ត្រី​ ស្នងការរង​  ផែនការងារសេនាធិការ​ បានឡេីងអានរបាយការណ៍​នូវបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលេីកទិសដៅការងារឆ្នាំ២០២៥​ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ​ បន្ទាប់ពីការអានរបាយការណ៍​ ក៏មានការធ្វេីបទអន្តរាគមន៍​ ដោយលោកស្នងការរង​ ផែនការងារសន្តិសុខ​ ផែនការងារនគរបាលព្រហ្មទណ្ឌ​ ផែនការងារអន្តោប្រវេសន៍​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់​ និងផែនការងារប្រឆាំងគ្រឿងញៀន​ ព្រមទាំងមានការចូលរួមមតិ​យោបល់​ពីសមាជិក​ សមាជិកា​ នៃអង្គសន្និបាត​ តាមរយៈការលេីកឡេីងអំពីចំណុចខ្លាំង​ និងចំណុចខ្សោយ​ ដែលស្ដែងចេញពីការអនុវត្តការងារជាក់ស្ដែងកន្លងមក​ ដេីម្បីដាក់បញ្ហាប្រឈមទាំងនោះ​ ជូនអង្គសន្និបាត​ ដេីម្បីរួមគ្នាពិភាក្សា​ រិះរកវិធានការ​ វិធីសាស្ត្រ​ និងកំណត់ទិសដៅសកម្មភាពការងារទាំងនោះ​ សម្រាប់យកទៅអនុវត្តបន្តក្នុងឆ្នាំ២០២៥​ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសេីរ ។

ជាកិច្ចបញ្ចប់​ លោកឧត្ដមសេនីយ៍ឯក​ ស​ រដ្ឋា​ បានមានមតិ​កោតសរសេីរ​ដល់មន្ត្រីនគរបាលជាតិទាំងអស់​ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​ ក្នុងការថែរក្សាសន្តិសុខ​ សុវត្ថិភាព​ និងសណ្ដាប់សាធារណៈ​  ក្នុងនោះដែរ​ លោកឧត្ដមសេនីយ៍ឯក​ ក៏បានជំរុញមន្ត្រីនគរបាលខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន​ បន្ថែមទៀត​ ជាពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង​អស់ ត្រូវបម្រេី​ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ៕

ដោយ​៖ តារា​


ចែករំលែក៖