អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី១៣ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានបានជួបសន្ទនាជាមួយលោក Lee Ka Chiu អភិបាលតំបន់រដ្ឋបាលពិសេសហុងកុង ដែលមកធ្វើសេចក្ដីរាយការណ៍ការងារនៅទីក្រុងប៉េកាំង ព្រមនិងស្តាប់របាយការណ៍របស់លោក Lee Ka Chiu អំពីស្ថានភាពបច្ចុប្បន្ននៅហុងកុង និងការងាររបស់រដ្ឋបាលពិសេសហុងកុង។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោក Lee Ka Chiu អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងបានដឹកនាំរដ្ឋបាលពិសេស ធ្វើការប្រកបដោយទំនួលខុសត្រូវ និងខិតខំប្រឹងប្រែងទទួលបានការរីកចម្រើនយ៉ាងប្រាកដប្រជា ហើយបាន បញ្ចប់ប្រកបដោយលក្ខណៈប្រវត្តិសាស្រ្តនូវការងារនីតិប្បញ្ញត្តិនៃមាត្រា ២៣ នៃច្បាប់មូលដ្ឋាន ផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងស្វែងរកការអភិវឌ្ឍ និងជំរុញឱ្យដោះស្រាយបញ្ហាលំនៅដ្ឋាន ការថែទាំសុខភាព និងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយបរទេស ព្រមទាំងបន្តបង្កើនឥទ្ធិពលអន្តរជាតិ។រដ្ឋាភិបាលមជ្ឈិមចិនបានវាយតម្លៃខ្ពស់ចំពោះការងាររបស់លោក Lee Ka Chiu អភិបាលតំបន់រដ្ឋបាលពិសេសហុងកុង និងរដ្ឋបាល ពិសេសហុងកុង ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តអនុវត្តគោលនយោបាយ “ប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរ” ដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងម៉ឺងម៉ាត់មិនងាករេ ហើយគាំទ្រដោយពេញទំហឹងដល់អភិបាលតំបន់រដ្ឋបាល និងរដ្ឋបាលពិសេសក្នុងការបង្រួបបង្រួម និងដឹកនាំគ្រប់មជ្ឈដ្ឋាន នៃសង្គមឱ្យតភ្ជាប់យ៉ាងសកម្មជាមួយយុទ្ធសាស្ត្រជាតិ ដើម្បីរួមចំណែកកាន់តែធំដល់ភាពរុងរឿង និងស្ថិរភាពរបស់ហុងកុង៕
ដោយ ៖ សិលា