ខេត្តស្ទឹងត្រែង ៖ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សិស្ស និស្សិត ប្រមាណ ៧០០នាក់ បានចូលរួមប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងស្ទឹងត្រែង ម្សិលមុិញ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការប្រារព្វទិវានេះឡើង ក្នុងគោលបំណងបង្ហាញការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ លោក អភិបាលខេត្ត បានផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ កុំឱ្យមានការបាក់ទឹកចិត្ត ហើយបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត រំឭកនូវការសោកស្តាយចំពោះអ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ ការឆ្លងរាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ។ ដោយត្រូវសម្រេចគោលដៅ 95-95-95 ឆ្នាំ២០២៥ និងមិនទុកនរណាម្នាក់ចោល ដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ ដោយសង្ឃឹមយ៉ាងមុតមាំថា នឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា កម្ពុជា ឆ្លងតាមការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ គឺនៅឆ្នាំ១៩៩៨ មានអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍លើមនុស្សពេញវ័យពី១៥ឆ្នាំ ទៅ៤៩ឆ្នាំមានចំនួន១.៧ភាគរយ និងថយចុះត្រឹម០.៧ភាគរយនៅឆ្នាំ២០១៣ និងបន្តថយចុះ០.៦ភាគរយ នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២។
ដោយឡែកខេត្តស្ទឹងត្រែង គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន ៤៣៩នាក់ មានស្រ្តី ២១៤នាក់ មនុស្សពេញវ័យ ៤២៤នាក់ និងកុមារចំនួន ១៥នាក់។
ប្រជាពលរដ្ឋក្នុងអង្គមិទ្ទិញ នាថ្ងៃដដែរនោះ បានស្តាប់នូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអានទាំងស្រុងដោយ លោក ស៊ា ប៉ាច ប្រធានអង្គភាពអគ្គីសនីស្ទឹងត្រែង។
ដោយឡែកលោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត បានអាននូវសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ឆ្ពោះទៅសម្រេចគោលដៅទាំង៣ ដែលបានកំណត់គឺគោលដៅទី១ កាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍ក្នុងរង្វង់ចំនួនជាង ២០០នាក់ ក្នុង ១ឆ្នាំ គោលដៅទី២ កាត់បន្ថយអ្នកស្លាប់ដោយសារជំងឺអេដស៍មកតិចជាង ២០០នាក់ ក្នុង ១ឆ្នាំ និងគោលដៅទី៣ គ្មានការមាក់ងាយ រើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕
ដោយ ៖ សិលា