សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC) កាលពីម្សិលមិញបានសម្តែងការព្រួយបារម្ភអំពីជោគវាសនារបស់អ្នកស្ម័គ្រចិត្តជាង 200 នាក់ដែលត្រូវបានគេជឿថាបានបាត់ខ្លួនដោយសារតែព្យុះ Chido នៅ Mayotte ដែលជាទឹកដីក្រៅប្រទេសរបស់បារាំងក្នុងមហាសមុទ្រឥណ្ឌា។
អ្នកនាំពាក្យ IFRC លោក Tommaso Della Longa បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីចំនួនមនុស្សដ៏ច្រើនដែលនៅតែបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Chido បានបំផ្លិចបំផ្លាញទីក្រុង Mayotte ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Tommaso Della Longa បានបង្ហាញថា អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមបារាំងជាង ២០០នាក់ ក្នុងចំណោមអ្នកបាត់ខ្លួន ដោយមិនមានទំនាក់ទំនងអ្វីទាំងអស់ ចាប់តាំងពីខ្យល់ព្យុះមក។
លោក Tommaso Della Longa បានបន្ថែមថា ក្រុមកាកបាទក្រហមបារាំង ត្រូវបានដាក់ពង្រាយជាមួយនឹងជំនួយមនុស្សធម៌ ដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយលើកោះមួយសប្តាហ៍ មុនពេលព្យុះបានបោកបក់មកលើដី។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍កាលពីថ្ងៃទី 15 ខែធ្នូថា ព្យុះទីហ្វុង Chido បានបោកបក់លើកោះ Mayotte កាលពីថ្ងៃទី 14 ខែធ្នូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 14 នាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Mayotte ។
អភិបាលខេត្ត François Xavier-Bieuville បានចែករំលែកនៅលើវិទ្យុក្នុងស្រុក Mayotte la Première ដោយនិយាយថា “ខ្ញុំគិតថាចំនួនអ្នកស្លាប់ពិតជានឹងកើនឡើងដល់រាប់រយនាក់ ប្រហែលជាជិតមួយពាន់ ឬច្រើនពាន់នាក់”។
សារព័ត៌មានបារាំងបានរាយការណ៍ថា រដ្ឋាភិបាលបារាំងបានប្រកាសបម្រាមគោចរពេលយប់នៅលើកោះ Mayott ចាប់ពីល្ងាចថ្ងៃទី ១៧ ខែធ្នូ ចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ ព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃបន្ទាប់។ នេះជាវិធានការសន្តិសុខដើម្បីការពារហានិភ័យនៃអំពើចោរកម្ម៕
ដោយ៖ ធីរីណា( រូបថត៖ Reuters)