ព័ត៌មានទាន់ហេតុការណ៍៖

ច្រឡំជាន់ហ្គែរស្មានថាហ្វ្រ័ងធ្វើឱ្យរថយន្តស្ទុះទៅបុកទម្លុះចូលឱសថស្ថានរងសួគ៌ា​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​   ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តBMW មួយគ្រឿង ច្រឡំជាន់ហ្គែរស្មានថាហ្វ្រ័ងធ្វើឱ្យរថយន្តស្ទុះទៅបុកទម្លុះចូលឱសថស្ថានរង សួគ៌ា  បែកកញ្ចក់ខ្ទេច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦អា ជិតភ្លើងស្តុបនាងមច្ឆា  សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 

​   តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តម៉ាក BMW ពណ៌ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-6882 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំនុចកើតហេតុខាងលើ បុរសវ័យចំណាស់ខាងលើក៏បានបើករថយន្តអែបស្តាំដៃបំណងចូលទិញថ្នាំ តែពេលនោះច្រឡំជាន់ហ្គែរស្មានថាហ្វ្រ័ងធ្វើឱ្យរថយន្តស្ទុះទៅបុកទម្លុះចូលឱសថស្ថានរង សួគ៌ាពេញទំហឹងតែម្តង លាន់សូរប្រាវ បែកកញ្ចក់ខ្ទេចបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹក តែសំណាងល្អគ្មានអ្នកណារងរបួសនោះទេ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទុកពេលឱ្យភាគីបង្កហេតុ​ និងម្ចាស់ទីតាំងចរចាគ្នា ដោយភាគីទាំងសងខាងសុំដោះស្រាយគ្នាបញ្ចប់រឿងនៅទីតាំងកើតហេតុ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖