ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា (តពីថ្ងៃសៅរ៍មុន)

ចែករំលែក៖

ស្បៃអន្ធិកា បានគ្របដណ្ដប់ពេលវេលារំកិលទៅមុខធ្វើឲ្យពេលនេះមានភាពងងឹតបន្តិចម្ដងៗហើយបានជំនួសមកវិញនូវពន្លឺចង្កៀងអគ្គិសនីដែលអាជ្ញាធររាជធានីភ្នំពេញតាំងលម្អបំភ្លឺនៅសួនច្បារមុខវត្តបទុមវតី យ៉ាងភ្លឺចិញ្ចាច ហាក់ធ្វើឲ្យគូស្នេហ៍មួយគូនេះថតទុកនូវអនុស្សាវរីយ៍ចុងក្រោយរបស់ពួកគេយ៉ាងច្បាស់។ កំលោះយើងចាប់ផ្ដើមប្រើអារម្មណ៍ផ្តោតនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដាក់គូសង្សារសំណព្វចិត្ត។ មើលចុះស្រមោលអ្នកទាំងពីរបានជះស្លុងៗទៅលើកម្រាលស្មៅសួនដោយកាយវិការស្អិតល្មួតបេះមិនចេញ។ គេឱបគ្នាទៅវិញទៅមកបង្កើតការភ្លើតភ្លើននិងបំពានក្រមប្រពៃណីខ្មែរ ថើបជញ្ជក់លូកស្ទាបគ្រប់កន្លៀតកៀនកោះ ដោយគ្មានការខ្មាសអៀនរូបសំណាកហង្សនៅក្បែរនោះឡើយ។ ទីបំផុតនៅលើផ្ទៃមេឃឯណោះដុំពពកខ្មៅបានរសាត់មកបាំងពន្លឺព្រះចន្ទ ធ្វើឱ្យពេលនេះអ្វីៗត្រូវប្រែប្រួលទាំងអស់ រួមនឹងគូស្នេហ៍មួយគូនេះបានបញ្ចប់ភាពត្រេកត្រអាលហើយមួយសន្ទុះទើបលាគ្នាទៅផ្ទះរៀងៗខ្លួន។

   ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែកន្លងផុតទៅ។  ព្រះអាទិត្យរះហើយលិចវិញ លេចហើយរះវិញដោយមិនខ្វល់ពីជីវិតសត្វលោកកើតចាស់ឈឺស្លាប់នោះឡើយ។ ទីបំផុតមិនដល់ពីរសប្តាហ៍ផង ភាវី ដែលបានដាក់ពាក្យចូលធ្វើការនៅស្ថានីយ៍អនឡាញមួយនាក្រុងព្រះសីហនុ ត្រូវបានគេកោះហៅឱ្យចូលធ្វើការ។ ដំណឹងនេះធ្វើឲ្យ វិសាល កាន់តែចំបែងក្នុងចិត្តក្រៃលែង ព្រោះនាយយល់ថាមិនយូរមិនឆាប់រូបគេនឹងត្រូវបែកសង្សារជាទីស្រឡាញ់ពេញបេះដូងកាន់តែឆ្ងាយហើយ។ ភ្នំពេញ-ក្រុងព្រះសីហនុ ត្បិតតែមានផ្លូវល្បឿនលឿនដែលអាចធ្វើឲ្យអ្នកធ្វើដំណើរទៅមកបានឆាប់រហ័សឬមានទូរសព្ទទំនាក់ទំនងងាយស្រួលក៏ដោយ កំលោះវិសាលនៅតែគិតថា វាពិតជានៅឆ្ងាយដល់ជើងមេឃ គ្រាន់តែនៅភ្នំពេញដូចគ្នារូបគេនិងសង្សារមិនសូវដែលបានជួបគ្នាផង ចុះទម្រាំនៅឆ្ងាយរាប់រយគីឡូម៉ែត្របែបនេះតើយ៉ាងណា?

  ល្ងាចនេះមាន ម៉ូតូ Today មួយគ្រឿងបានផ្ទុកក្រមុំពីរនាក់ ធ្វើដំណើរពីផ្លូវវេងស្រេង(សង្កាត់ចោមចៅ២)ឆ្លងកាត់ផ្លូវ 271 សំដៅទៅកាន់សួនច្បារវិមានឯករាជ្យដោយឮតែសំឡេងឯល្បឿនមិនចង់ទៅមុខ ។ ពេលមកដល់សួនច្បារខាងកើតវិមានឯករាជ្យ ក្រមុំទាំងពីរបានបញ្ឈរម៉ូតូទុកត្រឹមត្រូវរួចទើបនាំគ្នាដើរទៅអង្គុយលើបង់ថ្មមួយ ខណៈដែលមនុស្សម្នាជាច្រើនបានទៅកម្សាន្តនៅទីនោះដែរ។

   តរុណីទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នា ដោយនារីជាបងមានរូបសម្រស់ដ៏ត្រកាល មានឈ្មោះភាវីត្រូវជាសង្សារវិសាល។ ឯនារីជាប្អូនឈ្មោះ សោមា អាយុទើបតែ 18 ឆ្នាំ មានរូបសម្ផស្សមិនចាញ់បងស្រីប៉ុន្មានទឡើយ។ គេទាំងពីរដឹកដៃគ្នាទៅអង្គុយលើបង់ថ្ម និងគយគន់ទេសភាពពេលរាត្រីទាំងច្រាសច្រាលហាក់ដូចកំពុងរង់ចាំអ្នកណាមួយ។ សោមា មិនខ្វល់នឹងអ្វីទេ នាងញញឹមខ្ជឹបងាកឆ្វេងស្ដាំស្ងើចសរសើររដ្ឋបាលរាជធានីភ្នំពេញដែលបានតុបតែងលម្អភ្លើងនិងសួនច្បារយ៉ាងសមសួនមិនចាញ់បរទេស។

   កំពុងផ្ដោតអារម្មណ៍នឹងសម្រស់សួនច្បារដ៏ត្រកាលរំលេចដោយភ្លើងពណ៌ចម្រុះភ្លឺចិញ្ចាចដូចពេជ្រពណ្ណរាយ ស្រាប់តែ វិសាល ជិះម៉ូតូ Scoppy មួយគ្រឿងមកដល់ ហើយប្រញាប់ប្រញាល់ទៅជួបសង្សារទាំងទឹកមុខស្រស់ស្រាយ។

   បងវី នោះន៎បងវិសាល មកដល់ហើយ! ( សោមា ពោលប្រាប់បងស្រី) ភាវីក្រឡេកសំឡឹងតាមការចង្អុលបង្ហាញរបស់ប្អូនស្រីឃើញ វិសាល ដើរចូលមកទាំងទឹកមុខញញឹមពព្រាយ។

     អូនមកដល់យូរហើយមែនទេ?( វិសាលសួរ) ឯសោមា ឆាប់ស៊កសម្តីប្រាប់អនាគតបងថ្លៃ ព្រោះនាងដឹងចិត្តវិសាលជាសង្សារបងស្រីយូរមកហើយ។

     ជួបមុខគ្នាជាចុងក្រោយឲ្យហើយទៅ ព្រោះស្អែកនេះបងវីនឹងចាកចេញទៅធ្វើការនៅកំពង់សោមចោលបងហើយ។

    ផុតសំដីនេះសឹងមិនទាន់វិសាលធ្លាក់ទឹកមុខជ្រុប រួចឆ្លើយនឹងសម្ដី សោមា បែបមានន័យ

   – មែនឬអី? បើអ៊ីចឹងមែន ភាវី ទៅចោលបងនិងអូនហើយ មិនដឹងថាការឃ្លាតឆ្ងាយទៅនេះ បងស្រីអូនឯងនឹកបងដែរឬទេ?

   ស្រស់ភាវី ក្រោកឈរពីអង្គុយលើបង់ថ្មយកដៃច្បូតសក់ខ្លួនឯងទម្លាក់ទៅក្រោយបញ្ចេញវង់ភក្រ្តដ៏ផូរផង់រួចពោលទាំងញញឹមទៅកាន់សង្សារបណ្ដូលចិត្ត

   – គេហៅអូនចូលធ្វើការថ្ងៃស្អែកនេះហើយ ។ យើងបែកគ្នាមួយរយៈទេបង អូនគិតថានៅចម្ងាយហ្នឹងមិនឆ្ងាយទេ យើងក៏មិនពិបាកធ្វើដំណើរជួបគ្នាដូចសម័យមុនឯណា ។ ផ្លូវល្បឿនលឿនក៏មានធ្វើដំណើរតែប៉ុន្មានម៉ោងដល់ហើយ ។ ក្រៅពីនេះយើងមានទូរសព្ទអាចឆ្លងឆ្លើយសួរសុខទុក្ខគ្នាគ្រប់ពេលបានដែរតើបង!

   – តែបងបារម្ភ ខ្លាចដូចពាក្យចាស់លោកថា ឃ្លាតកាយណាយចិត្ត នោះអី?

   – អូនវិញទេ ដែលគួរព្រួយបារម្ភរឿងនេះ ព្រោះនៅក្រុងភ្នំពេញសំបូរស្រីស្អាតៗណាស់ខ្លាចថ្ងៃណាមួយបងបែកចិត្តបំភ្លេចអូនចោលទេ! ( ភាវី ឆ្លើយកាត់)

     ដូចបងធ្លាប់បានស្បថជាមួយអូនហើយតើថា ទោះដល់ទីណាបងមិនបែកបែរពីអូននោះទេ។បេះដូងអូនជាបេះដូងរបស់បង យើងទាំងពីរមិនអាចអ្នកណាក្បត់អ្នកណាបានទេ យើងនឹងសាងស្នេហ៍អមតៈលុះអវសាន។

   បានឮបងៗសាសងគ្នាក្នុងមនោសញ្ចេតនាជ្រៅដល់ក្រអៅបេះដូងយ៉ាងនេះ សោមា នាងញញឹមខ្ជឹប ហាក់ដឹងរឿងកាន់តែស៊ីជម្រៅរបស់បងទាំងពីរ ។នាងតាំងខ្លួនជាសាក្សីក្នុងរឿងស្នេហានេះដោយនិយាយទៅកាន់អ្នកទាំងពីរបែបកំប្លែងថា

  បងភា និងបងវិសាល អាច យកសោមាធ្វើជាសាក្សីក្នុងរឿងស្នេហានេះបានតើ អ្នកណាក្បត់អ្នកណា សោមា អាចធ្វើសាក្សីបាន តែសុំកំមីស្យុងពីបងទាំងពីរត្រឹមតែ ឡេលាបមុខមួយប្រអប់បានទេ?

   ភាវី និង វិសាល អស់សំណើចរួចយកដៃទៅអង្អែលក្បាលប្អូនស្រីដោយក្តីស្រឡាញ់។ យ៉ាងណាការសន្ទនាគូស្នេហ៍ទាំងពីរនាថ្ងៃចុងក្រោយនេះ សោមា ហាក់យល់ពីជម្រៅចិត្តរបស់បងទាំងពីរ នាងសុខចិត្តដើរចេញឆ្ងាយពីបង់ ប្រមាណ 10 ម៉ែត្រ ដោយទុកឱកាសឲ្យបងៗ សាសងនិងសម្ដែងមនោសញ្ចេតនានាថ្ងៃចុងក្រោយ។ ដោយឃើញឱកាសល្អប្អូនស្រីដើរចេញទៅឆ្ងាយបែបនេះគូសង្សារទាំងពីរបានស្រវាឱបគ្នា ហើយម្នាក់ៗនិយាយអួលដើមកនិងសម្រក់ទឹកភ្នែកដោយក្តីអាឡោះអាល័យគ្នាបំផុត។ 

     ទោះអូនបែកទៅ អូនមិនភ្លេចអនុស្សាវរីយ៍ដែលយើងសាងជាមួយគ្នាជាងមួយឆ្នាំមកនេះទេ។ សូមបងនៅបន្តការសិក្សាឲ្យបានជោគជ័យហើយនៅពេលណាបងរៀនចប់បានការងារធ្វើ យើងនឹងរៀបការជាមួយគ្នាណាបង។

     បងសន្យាថា នឹងខំរៀនសូត្រឲ្យបានការងារធ្វើល្អ ហើយចូលស្ដីដណ្តឹងអូនរៀបការតាមច្បាប់ឲ្យបាន តែបងសុំម្យ៉ាងសូមអូនកុំក្បត់បងណាអូនណា។ និយាយសឹងចប់មិនទាន់ អ្នកទាំងពីរស្រវាឱបគ្នាទាំងក្តីរំជួល ដោយទឹកភ្នែកហូរធ្លាក់លើថ្ពាល់ទាំងមិនដឹងខ្លួន។ វិសាលសំឡឹងមើលមុខសង្សាររួចយកម្រាមដៃទៅផាត់ទឹកភ្នែកពីថ្ពាល់ភាវី ហើយយកច្រមុះថើបថ្ពាល់ដ៏រលើបរលោងយ៉ាងថ្នមៗ ប្រៀបបានបញ្ជាក់ឲ្យដឹងថា ថ្ងៃស្អែកនេះយើងបែកគ្នាហើយ។

(តទៅថ្ងៃសៅរ៍ក្រោយ)


ចែករំលែក៖