ខេត្តកំពង់ស្ពឺ៖ នៅក្នុងទិវាជ័យជម្នះ ៧មករា សម្រាប់ខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧មករា ២០២៥) ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្អូនៗយុវជនខេត្ត និងប្រជាពលរដ្ឋដ៏ច្រើនកុះករ នាទីតាំងបរិវេណខាងត្បូងវិមានឯករាជ្យ នៃខេត្តកំពង់ស្ពឺ។
នៅក្នុងអង្គមិទ្ទីញដ៏មហោឡារិកនេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ទៅកាន់អង្គពិធីទាំងមូល។
អត្ថន័យនៃខ្លឹមសារនោះ បានបង្ហាញពីការយកជីវិតធ្វើជាដើមទុន ក្នុងការនាំមកជូនប្រជាជនកម្ពុជានូវការរស់រានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈចលនាតស៊ូលះបង់ដ៏អង់អាចក្លាហានរបស់វីរជននាពេលនោះ ព្រមទាំងបាននាំមកនូវផ្លែផ្កាដ៏ច្រើនអនេក កើតចេញពីស្មារតី ៧មករា នោះគឺសន្តិភាព អធិបតេយ្យភាព ឯករាជ្យ សេរីភាព ការអភិវឌ្ឍ និងសុភមង្គលដូចពេលបច្ចុប្បន្ននេះ។ ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធភាពជាបន្តបន្ទាប់ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យកម្ពុជាបច្ចុប្បន្នទទួលបាននូវភាពរីកចម្រើន ការអភិវឌ្ឍ និងកិត្យានុភាពដ៏ខ្ពង់ខ្ពស់លើសាកលលោក។
ក្នុងនាមយើងជាមន្ត្រីរាជការ និងប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណដល់វីរជនរបស់យើងគ្រប់ៗរូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងដំណើរស្វែងរកសុខសន្តិភាព សេរីភាព និងការរីកចម្រើនជូនដល់ប្រជាជាតិកម្ពុជា ហើយប្ដេជ្ញាថែរក្សាសុខសន្តិភាព និងចូលរួមសាមគ្គីគ្នាជាកម្លាំងក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរុញច្រាននាវាកម្ពុជាឆ្ពោះទៅមុខប្រកប ដោយវិបុលភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៍តរៀងទៅ៕
ដោយ៖ សូរិយា