ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង អគ្គនាយករង និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អនុរដ្ឋលេខាធិការ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក ឯកឧត្តម លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ថ្លែងក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក បានធ្វើគារវកិច្ចស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក អញ្ជើញជាអធិបតីក្នុងពិធីដ៏សំខាន់នាពេលនេះ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលលោក រដ្ឋលេខាធិការ បានយកអស់កម្លាំងកាយចិត្ត បញ្ញាញាណ ក្នុងការដឹកនាំតម្រង់ទិសការងារ របស់អគ្គនាយកដ្ឋាន ព្រមទាំងការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន មកថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានវាយតម្លៃខ្ពស់នៃការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច យ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន លះបង់ទាំងកម្លាំកាយ ចិត្ត ប្រាជ្ញា ស្មារតីបម្រើការជូនអង្គភាព រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ បន្ថែមពីនេះ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថា ការប្រារព្ធពិធីនេះ មិនត្រឹមតែជាសក្ខីកម្មសបញ្ជាក់អំពីការចូលរួមអបអរសាទរចំពោះ លោក អគ្គនាយករង និងលោកស្រីប្រធាននាយកដ្ឋានរដ្ឋបាលសរុប ដែលត្រូវបានរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយដែលបានបង្ហាញពីការ គាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់អគ្គនាយកដ្ឋាន ដែលជាកម្លាំងចលករ ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់អគ្គនាយកដ្ឋាន ឱ្យកាន់តែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន បន្តភាពសកម្មក្នុងការងារ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រតាមវិស័យ និងកម្មវិធីកែទម្រង់នានា របស់ក្រសួងមហាផ្ទៃ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះដែរ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្តល់នូវមតិផ្តាំផ្ញើសំខាន់ៗដូចជា៖ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ, ថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ ត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្ត្រី ការគ្រប់គ្រងវត្តមានជាប្រចាំ របបលើកទឹកចិត្តតាមគោលការណ៍កំណត់ ព្រមទាំងជំរុញ របបរាយការណ៍អំពីវត្តមានមន្ត្រី ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងខ្លឹមសារនៃបណ្តាលិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន, បន្តពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ការគោរពឋានានុក្រម និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅគ្រប់កម្រិតនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងរក្សាឱ្យបាននូវទំនាក់ទំនងជាកិច្ចសហការល្អរវាងនាយកដ្ឋាននិងនាយកដ្ឋាន។
ជាកិច្ចបញ្ចប់ លោក រស់ វរុណ រដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍ការងារ និងបានបង្ហាញពីភាពចាំបាច់មិនអាចខ្វះបានរបស់នាយកដ្ឋានរដ្ឋបាលសរុបក្នុងប្រតិបត្តិការណ៍របស់អង្គភាព។ បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនបន្ថែមទៀត ស្របតាមច្បាប់បទដ្ឋានគតិយុត្ត ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា