ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វ៉ាន់ វ៉ុនសង្ឃឹមថាខ្លួនអាចដណ្តើមបាននិទ្ទេសល្អជូនជាតិនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល

ចែករំលែក៖

ភ្នំពេញ៖ នៅមុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកកម្រិតពិភពលោកនៅប្រទេសប្រេស៊ីលនោះកីឡាករ ជនពិការ វ៉ាន់ វ៉ុន ផ្នែកជិះរទេះវិញ្ញាសា៥០ ម៉ែត្របានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រលឹមស្រាងៗនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញកាលពីថៃ្ងទី១ ខែកញ្ញាថា លោកនឹងព្យាយាមដណ្តើមយកនិទ្ទេសដ៏ល្អមួយមកជូនជាតិបើទោះបីមិនអាចឈ្នះមេដាយក៏ដោយចុះ ។

កីឡាករ វ៉ាន់ វ៉ុន បានបញ្ជាក់ពីជំហរនិងជំនឿចិត្តរបស់ខ្លួនថា ក្នុងដំណើរចេញទៅប្រកួតកីឡាជនពិការកម្រិតពិភពលោកនេះលោកនឹងខិតខំធ្វើឲ្យបានល្អដើម្បីនាំយកកិត្តិយសមកជូនជាតិ បើទោះបីមិនអាចដណ្តើមយកមេដាយបានក៏ដោយ ប៉ុន្តែ យ៉ាងហោចណាស់ក៏ទទួលបាននិទ្ទេសល្អមួយសម្រាប់ចូលរួមកម្មវិធីលើកក្រោយៗទៀតដែរ ។ វ៉ាន់ វ៉ុនគឺជាអត្តពលិកជនពិការ របស់កម្ពុជាតែម្នាក់គត់ដែលទទួលបានសិទ្ធិពីគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកពិភពលោកឲ្យចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក កម្រិតពិភពលោកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលចាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ចប់កម្មវិធី ។
ដោយឡែកលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងជាប្រធានប្រតិភូដឹកនាំកីឡាករ វ៉ាន់ វ៉ុន រួមជាមួយគ្រូបង្វឹកម្នាក់ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកកម្រិតពិភពលោកនៅប្រទេសប្រេស៊ីលបានមានប្រសាសន៍ថា ប្រតិភូកីឡាជនពិការកម្ពុជា ចេញដំណើរនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែកញ្ញាហើយត្រូវត្រឡប់មកវិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ។

លោកបានបញ្ជាក់ថា ចំពោះដំណើរចេញទៅស្វែងរកមេដាយនៅព្រឹត្តិការណ៍កីឡាជនពិការកម្រិតពិភពលោកនេះយើងតែងតែមានសង្ឃឹមនិងជាធម្មតាសន្ទូចដែលបោះចេញពីដងរួចហើយយើងត្រូវតែមាន រំពឹងជានិច្ច ប៉ុន្តែអ្វីដែលសំខាន់យើងចង់ កសាងព្រលឹងជាតិ ។

ការកសាងព្រលឹងជាតិនៅប្រទេសប្រេស៊ីលនោះគឺនៅពេលណាដែលទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាត្រូវបានបង្ហូតជាផ្លូវការនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦លើទឹកដីប្រទេសប្រេស៊ីលមុនថ្ងៃប្រកួតជាផ្លូវការនោះ ដូច្នេះកម្ពុជាត្រូវតែកសាងកេរ្តិ៍ឈ្មោះពីប្រទេសនោះហើយគឺជាការកសាងព្រលឹងជាតិខ្លួននៅលើឆាកអន្តរជាតិ។ ជាមួយនឹងការចេញដំណើររបស់ក្រុមប្រតិភូនិងអត្តពលិកព្រមទាំងគ្រូបង្វឹកកីឡាជន ពិការនោះដែរក៏មានថ្នាក់ដឹកនាំតំណាង ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាដឹកនាំដោយលោក ឯម ចាន់មករា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ អញ្ជើញទៅជូនដំណើរនិងប្រគល់បាច់ផ្កាដើម្បីលើកទឹកដល់ កីឡាករនិងប្រតិភូកម្ពុជាផងដែរ៕ សារីម

 

IMG_6409


ចែករំលែក៖