ភ្នំពេញ ៖ មេទ័ពគ្មានសីលធម៌ ភូមិភាគ២ របស់ថៃ គំរាមបិទមិនឲ្យឡើងទៅប្រាសាទតាមាន់ធំ ៧ថ្ងៃ។ អ្នកឯងត្រូវយកខួរក្បាលមកគិតផង បិទតែខ្លួនឯងទៅ ប្រជាជនខ្មែរទៅលេងរាល់ថ្ងៃ។ មេទ័ពគ្មានសីលធម៌ ភូមិភាគ២ របស់ថៃ វង្វេងប្រវត្តិសាស្ត្រទាំងគឃ្លើនកាន់តែខ្លាំង ខុសពីកម្ពុជា ស្រឡាញ់ព្រំដែនសន្តិភាព ។
មេយោធារូបនេះ ! ដោយអាងលេសទេសចរបង្កភាពអាណាធិបតេយ្យនៅប្រាសាទតាមាន់ធំ មេភូមិភាគ២ថៃ Boonsin Padklang ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទនេះរយៈពេល៧ថ្ងៃ ទាំងដែលប្រាសាទគឺជារបស់ខ្មែរសោះ ចេះហ៊ានហារមាត់និយាយទៅរួច ! នេះគឺជាពាក្យសម្តីដ៏ព្រហើនរបស់មេទ័ពថៃ និងការនិយាយទាំងមិនចេះខ្មាសមាត់ ព្រោះតែតាមាន់ធំគឺជាប្រាសាទនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា រឿងអីថៃមានសិទ្ធិមកគំរាមដូច្នេះ។
ការគំរាមដ៏ព្រហើនរបស់មេទ័ពរូបនេះ គឺបន្ទាប់ពីភូមិភាគ២ថៃ ចោទប្រកាន់មកកម្ពុជាទាំងមិនសមរម្យ ថា យុវជនខ្មែរមួយក្រុមបានបង្កឲ្យមានបញ្ហានៅតំបន់ប្រាសាទ ហើយបើកម្ពុជានៅតែអនុញ្ញាតឲ្យជនបង្ករឿងចូលទៅទីនោះទៀត ថៃនឹងបិទការចូលទស្សនាប្រាសាទនេះជាបណ្តោះអាសន្ន។
ម្យ៉ាងទៀត ពេលឃើញទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក ថៃបានយកលេសនេះ ដើម្បីពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ដោយខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹង។
វិធានការទាំងនោះមានដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ២៤ម៉ោងលើ ២៤ម៉ោងរៀងរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលនៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជាដូចជា៖ Surin, Buri Ram, Si Sa Ket និង Ubon Ratchathani។
សូម្បីមុននេះ មេទ័ពដែលពូកែក្អែងក្អាងរូបនេះក៏និយាយដោយមិនអៀនមាត់ដែរ ដោយអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ និងកុំបង្ករឿងអ្វីឲ្យសោះ។
មិនត្រឹមប៉ុណ្ណឹង រូបគេថែមទាំងហ៊ានគំរាមទៀតថា បើទេសចរបង្កចលាចល មន្ត្រីខ្លួននឹងឆ្លើយតប រាប់ចាប់ពីការព្រមានទៅដល់ការចាត់វិធានការធ្ងន់ធ្ងរ បើចាំបាច់ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច