ភ្នំពេញ ៖ ម៉ុងសាយធំៗ២ក្រុម បានប៉ះទង្គិចវាយតប់គ្នា និងរត់ប្រសាច ខណៈពេលដែលពួកគេនាំគ្នាទៅលោតម៉ុងសាយអបអរសាទរនៅក្នុងឧកាសបុណ្យចូលឆ្នាំចិន -វៀតណាមនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាស្ថិតនៅផ្លូវOCIC បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាព្រឹកព្រលឹមម៉ោងប្រមាណ៥ទៅ៦ព្រឹក ដែលជាថ្ងៃសែនចូលឆ្នាំ ចិន-វៀតណាម មានម៉ុងសាយ២ក្រុម បាននាំគ្នាមកជួបជុំគ្នា លោតនៅសមាគមខាងលើ។ បន្ទាប់ពីមានការជួបជុំ គេឃើញម៉ុងសាយ២ក្រុមបានលោតសម្តែង លុះក្រោយមកក៏បានប៉ះទង្គិចគ្នាដេញវាយតប់គ្នាផ្អើលតែម្ដង។
នគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ម៉ុងសាយចំនួន២ក្រុមបានប៉ះពាក្យសំដីគ្នានឹងឈានទៅប្រើហឹង្សា តែពុំបបណ្តាលឱ្យរងរបួសនោះទេ ហើយខាងសមាគមន៍ក៏បានសម្របសម្រួលគ្នា។ ក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចពុំបានដឹងភ្លាមៗនោះទេ។
ក្រោយមកទើបដឹង តែខាងសមាគមសម្របសម្រួលគ្នាចប់ទៅហើយ ។ ទោះបីជាយ៉ាងណា អ្នកសារព័ត៌មានពុំទទួលបានការបំភ្លឺ ណាមួយពីសមាគមន៍ជុំវិញការប៉ះទង្គិចគ្នានេះឡើយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច