អាម៉េរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈបណ្តាញសង្គម លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវចំៗទៅកាន់មហាអំណាចពិភពលោក រួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ឱ្យបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងឱប្រទេសដែលរងផលប៉ះពាល់រួមដៃគ្នាជាមួយសហរដ្ឋអាម៉េរិក ដើម្បីធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ថាមពលសកល។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រទេសទាំងនេះគឺជាអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេពី «ការព្យាយាមបិទច្រកសមុទ្រដោយខុសច្បាប់» របស់ប្រទេសអ៊ីរ៉ង់។
លោកប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នសមត្ថភាពយោធាខ្នាតធំរបស់អ៊ីរ៉ង់ត្រូវបានអាម៉េរិកកម្ទេចស្ទើរទាំងស្រុងក៏ដោយ ប៉ុន្តែសត្រូវមួយនេះនៅតែអាចបង្កហានិភ័យតាមរយៈការប្រើប្រាស់ដ្រូន និងការដាក់មីនក្នុងទឹក ដែលទាមទារឱ្យមានការចូលរួមការពារពីកម្លាំងចម្រុះជាអន្តរជាតិជាចាំបាច់។
លោក ដូណាល់ ត្រាំ ក៏បានព្រមានថា កងកម្លាំងអាម៉េរិកនឹងមិនដកថយឡើយ ហើយនឹងបន្តយុទ្ធនាការ «ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ» លើតំបន់ឆ្នេរ និងកម្ទេចរាល់នាវាអ៊ីរ៉ង់ណាដែលបង្កការរំខាន រហូតទាល់តែច្រកសមុទ្រ Hormuz ត្រឡប់មកមានសុវត្ថិភាព និងសេរីភាព ១០០% ឡើងវិញ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច