ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកុម្មង់ដូឆ័ត្រយោងទី២នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ខណៈកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវយោធាសៀមឈ្លានពាននៅតំបន់ជាំស្រង៉ាំ។ គណៈប្រតិភូដឹកនាំដោយ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ សពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ លោកឆាយ វីរៈ និងលោកឯក ឃុនដឿន អភិបាលរងរាជធានីបាននាំយកថវិកាចំនួន១០លានរៀលនិងអង្ករ៥០០គីឡូក្រាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅចូលរួមបុណ្យសពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ទៀតផង។
លោក ឃួង ស្រេង អភិបាលរាជធានីក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេងក្នុងការវាយប្រយុទ្ធនៅលើសមរភូមិចំពោះខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។
វីរភាពដ៏អង់អាចក្លាហាននិងពលិកម្ម ដ៏ធំធេងរបស់លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលយើងខ្ញុំទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសូមកត់ត្រានិងចងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។ ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគ ជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មានកូន៤នាក់ដោយ២នាក់បានរៀបអាពាហ៍ពិពាហ៍រួចរាល់និង២នាក់ទៀតនៅលីវនៅឡើយ។ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ជាឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូបដែលបានវាយប្រយុទ្ធនៅលើសមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាននៅតំបន់ជាំស្រង៉ាំ ហើយបានកើតជម្ងឺគាំងបេះដូងនៅឯព្រំដែននោះ ត្រូវបានជួយសង្គ្រោះដោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយបានបាត់បង់ជីវិតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦៕

ដោយ ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច